(ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈការអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នឹងត្រូវធ្វើឲ្យបានឆាប់រហ័សបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
អ្នកនាំរបស់ក្រុមហ៊ុន Pfizer បានគូសបញ្ជាក់ប្រាប់ Reuters តាមរយៈសារអេឡិចត្រូនិកថា «ក្រុមហ៊ុន Pfizer នៅតែរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីឲ្យវ៉ាក់សាំងបង្ការ COVID-19 របស់ Pfizer-BioNTech អាចប្រើប្រាស់បាននៅឥណ្ឌា»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នេះ Reuters បានធ្វើការចុះផ្សាយម្តងរួចទៅហើយ អំពីការពិភាក្សាគ្នារវាងរដ្ឋាភិបាលទីក្រុង ញូដេលី ជាមួយនិងក្រុមហ៊ុន Pfizer នៅសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកំពុងតែកើតមានឡើង។ ឥណ្ឌាដែលជាប្រទេសផលិតវ៉ាក់សាំង ធំជាងគេបំផុតក្នុងពិភពលោក ក៏កំពុងកើតមានការឆ្លងរាតត្បាត COVID-19 ធ្ងន់ធ្ងរបំផុតផងដែរ ហេតុដូច្នេះទើបការនាំចេញវ៉ាក់សាំង ទៅកាន់អន្តរជាតិជួបភាពរាំងស្ទះ៕