(ញូដេលី)៖ នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១៩៦,៤២៧នាក់ និងករណីស្លាប់៣,៥១១នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
វាជាលើកដំបូងហើយ ដែលតួលេខអ្នកឆ្លងប្រចាំថ្ងៃ បានចុះមកនៅក្រោមខ្ទង់២០០,០០០នាក់ បែបនេះ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា កើនដល់ជាង២៦,៩៤៨,៨៧៤នាក់ ក្នុងនោះចំនួនអ្នកស្លាប់ កើនដល់ ៣០៧,២៣១នាក់។ រីឯអ្នកជាសះស្បើយឡើងវិញ មានជាង ២៤លាននាក់ ខណៈអ្នកជំងឺ ២.៥៨លាននាក់ទៀត កំពុងសម្រាកព្យាបាល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឥណ្ឌាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុបជាង ១៩៨លានដូសជូនប្រជាជន ក្នុងនោះប្រជាជនដែលបានចាក់គ្រប់ដូសមានចំនួនយ៉ាងហោច៤១លាននាក់ ឬស្មើនឹង ៣% នៃចំនួនប្រជាជនសរុប (ឥណ្ឌាមានប្រជាជនសរុបជាង ១,៣០០លាននាក់)៕