(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩,៨៦៦នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣២៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៩២២,៩៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៤,៤១៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៥៦៣,៩៣០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបង្ហាញសញ្ញាថយចុះ កាន់តែច្រើននៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19។ ទោះជាបែបនេះក្តី តួលេខនៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បែរជាមានការធ្លាក់ចុះទៅវិញ ដែលតម្រូវឲ្យអាជ្ញាធរតាមរដ្ឋនីមួយៗ បង្កើតយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង ទៅតាមគោលការស្ម័គ្រចិត្ត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៨៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៦៣.៣លាននាក់ (៤៩.៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៣០លាននាក់ (៣៩.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕