(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន ៦១នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ ខណៈដែលតួលេខឆ្លងប្រចាំថ្ងៃមានច្រើនជាង ៦,០០០ករណី ក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់ថា ជនរងគ្រោះទាំង ៦១នាក់ខាងលើ គឺសុទ្ធតែជាជនជាតិម៉ាឡេស៊ីដែលមានអាយុពី២៧ ទៅ៩៨ ឆ្នាំ។ ពួកគេភាគច្រើនមានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម និងទឹកនោមផ្អែម។

ចំណែកករណីឆ្លងថ្មី មានតែ ២០ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ដែលភាគច្រើនត្រូវបានរកឃើញនៅខេត្ត Selangor។

រដ្ឋមន្ត្រីសុខាភិបាលលោក Noor Hisham Abdullah ក៏បានប្រកាសផងដែរថា មានចងង្កោមចម្លងថ្មីៗចំនួន២០ ទៀតត្រូវបានរកឃើញ ដែលនាំកង្កោមចម្លងដែលសកម្មនាពេលបច្ចុប្បមានរហូតដល់៥៧០ចង្កោម។

ក្នុងចង្កោមចម្លងថ្មីខាងលើ មាន០៨កន្លែងត្រូវបានផ្សារភ្ជាប់នឹងកន្លែងធ្វើការ ០៥កន្លែងស្ថិតក្នុងសហគមន៍ និង០៣កន្លែងទៀតជាប់ទាក់ទងនឹងកន្លែងជួបជុំសាសនា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥១៨,៦០០ករណី ក្នុងនោះករណីសកម្មមានចំនួន ៦០,០១៨ករណី។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានចំនួន ២,៣០៩ នាក់៕