(ហ្សឺណេវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទ ទី២៤ ឧសភានេះថា បុគ្គលិកថែទាំសុខភាពយ៉ាងហោចណាស់ ១១៥,០០០ នាក់ហើយ ដែលបានពកលីជីវិតក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតសកលកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការមួយនេះបានសម្តែងការសាទរចំពោះការលះបង់របស់បុគ្គលិកសុខាភិបាល នៅជុំវិញពិភពលោក ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាត។
លោកបានមានប្រសាសន៍ថា «អស់រយៈពេលជិត ១៨ខែកន្លងមកនេះ បុគ្គលិកសុខាភិបាលនៅទាំទូទាំងពិភពលោកបានប្រថុយជីវិតដោយស្ថិតក្នុងចន្លោះរវាងស្លាប់និងរស់...ពួកគេបានជួយសង្គ្រោះជីវិតរាប់មិនអស់ ហើយទោះបីពួកគេប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏ពួកគេនៅតែបាត់បង់ទៅហើយ»។
លោក Tedros បានសង្កត់ធ្ងន់ថា «ពួកគេទាំងនោះជាច្រើននាក់បានឆ្លងជំងឺ ហើយបើទោះបីជារបាយការណ៍មានភាពខ្វះខាតក៏ដោយ ក៏យើងអាចប៉ាន់ស្មានថា យ៉ាងហោចណាស់បុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំចំនួន ១១៥,០០០នាក់បានចំណាយខ្ពស់បំផុតសម្រាប់ការបម្រើអ្នកដទៃ»។
គួរបញ្ជាក់ថា បើយោងតាមេគេហទំព័រ worldomter គិតត្រឹមល្ងាចថ្ងៃចន្ទនេះ មានមនុស្សប្រមាណ ៣.៤៧លាននាក់ហើយ ដែលបានស្លាប់ដោយសារជំងឺ COVID-19 ខណៈប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់សរុបជាង ៦០,០០០នាក់៕