(តែល អាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថាខ្លួននឹងបញ្ចប់វិធានការរឹតត្បិតប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេស បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

ដោយប្រជាជនភាគច្រើន បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង (Pfizer-BioNTech) ហើយប្រជាជនដែល មានអាយុចាប់ពី៥០ឆ្នាំឡើងទៅប្រហែលជា ៩២ភាគរយបានទទួលការចាក់វ៉ាក់សាំង ឬបានជាសះស្បើយឡើងវិញ នោះប្រទេសអ៉ីស្រាអែលបាន និងកំពុងបើក ដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីការបិទប្រទេសចំនួន ៣លើក។

ប្រទេសអ៉ីស្រាលអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២ករណី ពោលគឺជាធ្លាក់ចុះយ៉ាងខ្លាំងពីជាង ១០,០០០ករណីកាលពីខែមករាកន្លងទៅនេះ។ រហូតមកទល់ពេលនេះ អ៉ីស្រាអែលបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៨៣៩,៣៣៦ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៤០៤នាក់ និងអ្នកជាសះស្បើយ ៨៣២,៤៣២នាក់។

គួរបញ្ជាក់ថា អ៉ីស្រាអែល នឹងនៅតែរក្សាការបិទព្រំដែនរបស់ខ្លួនចំពោះការធ្វើដំណើរចូលមករបស់ភ្ញៀវទេសចរភាគច្រើន ទោះបីជាខ្លួនបានចាប់ផ្តើមអនុញ្ញាតឱ្យ ក្រុមភ្ញៀវទេសចរដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ជាក្រុមតូចៗចូលមកកាន់ប្រទេសរបស់ខ្លួនក៏ដោយ។ ក្រសួងសុខាភិបាលអ៉ីស្រាអែលក៏នឹងពិនិត្យមើលឡើងវិញ នូវតម្រូវការក្នុងការពាក់ម៉ាសផងដែរ៕