(ញូដេលី)៖ ក្រុមហ៊ុនផលិតឱសថថែទាំសុខភាពឥណ្ឌាឈ្មោះ ខាឌីឡា (Cadila Healthcare) បានដាក់គោលដៅបង្កើនការផលិតបេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួនឱ្យដល់ ៣០លានដូសក្នុងមួយខែ ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងតស៊ូប្រយុទ្ធនឹងរលកឆ្លងដ៏កាចសាហាវ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
បើតាមនាយកគ្រប់គ្រងក្រុមហ៊ុន Cadila ដែលមានមូលដ្ឋានក្នុងទីក្រុង អាមេដាបាដ (Ahmedabad) នៃភាគខាងលិចប្រទេសឥណ្ឌា លោក ហ្សាវីល ផាធែល (Sharvil Patel) ក្រុមហ៊ុននឹងបង្កើនការផលិត វ៉ាក់សាំង ហ្ស៊ីខវ-ឌី (ZyCoV-D) ពីចំនួន ១០លានដូសនាពេលបច្ចុប្បន្នឱ្យដល់ ៣០លានដូសក្នុងរយៈពេលមួយខែ ពោលគឺបន្ទាប់ពីបេក្ខភាពវ៉ាក់សាំងនេះ ទទួលបានការអនុម័តឱ្យប្រើប្រាស់ ខណៈទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍កាលពីខែមេសាថា ក្រុមហ៊ុន Cadila អាចនឹងដាក់ពាក្យស្នើសុំការអនុញ្ញាតសម្រាប់ការប្រើប្រាស់ បន្ទាន់ពីអាជ្ញាធរសុខាភិបាលឥណ្ឌានៅក្នុងខែឧសភា ឬខែមិថុនាខាងមុខនេះ។
គួរបញ្ជាក់ថា បេក្ខភាពវ៉ាក់សាំង ZyCoV-D របស់ក្រុមហ៊ុន Cadila ជាប្រភេទវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងតាមបច្ចេកវិទ្យាកូដហ្សេនេទិច DNA ឬ RNA ដើម្បី បង្កើតប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុស។ វ៉ាក់សាំង ZyCoV-D កំពុងស្ថិតនៅក្រោមការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដោយមានមនុស្សពេញវ័យ ៣០,០០០នាក់ ចូលរួមក្នុងការធ្វើតេស្ដ ហើយវ៉ាក់សាំងនេះត្រូវបានរាយការណ៍តម្រូវឱ្យចាក់ដល់ទៅ ០៣ដូស ប៉ុន្តែក្រុមហ៊ុន Cadila ក៏កំពុងសិក្សាលើការចាក់តែ ០២ដូសវិញផងដែរ៕