(ញូដេលី)៖ ក្រោយទើបរងគ្រោះយ៉ាងដំណំ ដោយសារព្យុះស៉ីក្លូនកាលពីមួយសប្តាហ៍មុន ឥឡូវឥណ្ឌាកំពុងត្រៀមខ្លួន សម្រាប់ការមកដល់ នៃព្យុះស៉ីក្លូនថ្មីមួយផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរឧតុនិយមឥណ្ឌា បានឲ្យដឹងថា យោងតាមការព្យាករ ព្យុះស៉ីក្លូន Yaas នឹងមកបោកបក់មកដល់ឆ្នេររដ្ឋ Odisha និងរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា នៅខ្ទង់វេលាទាបភ្លឺ ឬព្រឹកថ្ងៃពុធសប្តាហ៍នេះ ហើយនឹងបន្តធ្វើដំណើរជ្រៅឆ្ពោះទៅខាងភាគខាងជើង កាត់រដ្ឋទាំងពីរនៅខ្ទង់វេលារសៀលថ្ងៃដដែល ក្នុងទម្រង់ជាព្យុះស៉ីក្លូនដែលមានឥទ្ធិពលដ៏ខ្លាំងក្លាមួយ។
ត្រៀមសម្រាប់ការមកដល់នៃព្យុះស៉ីក្លូនថ្មីនេះ អាជ្ញាធរឥណ្ឌា បានចេញចំណាត់ការចាំបាច់ផ្សេងៗរួចជាស្រេច រួមមានជម្លៀសប្រជាជន រៀបចំកន្លែងជ្រកកោនបណ្តោះអាសន្ន ផ្អាកសេវាដឹកជញ្ជូនសាធារណៈ និងហាមមិនមានការចេញនេសាទ ជាបណ្តោះអាស្នន ជាដើម។
គួរបញ្ជាក់ថា កាលពីមួយសប្តាហ៍មុន ព្យុះស៉ីក្លូនកំណាចឈ្មោះថា Tauktae បានបង្កការបំផ្លិចបំផ្លាញ និងផ្តាច់ជីវិតមនុស្សជាច្រើននាក់ នៅតាមរដ្ឋបណ្តោយឆ្នេរភាគខាងលិច នៃប្រទេសឥណ្ឌា។ កំលុងពេលនោះ សាឡង់មួយគ្រឿងដឹកមនុស្សខ្ទង់រយនាក់ ក៏បានលិចផងដែរ ដោយគិតត្រឹមថ្ងៃអាទិត្យម្សិលមិញ សាកសពមនុស្សកើនដល់៧០នាក់ ត្រូវបានរកឃើញ៕