(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិនបានប្រកាសហើយថាសហរដ្ឋអាមេរិកនឹងចែករំលែកវ៉ាក់សាំង COVID-19 ជាង៨០លានដូសជាមួយបណ្ដាប្រទេស ដទៃនៅជុំវិញពិភពលោក។ ការសម្រេចចិត្តបែបនេះជាកាយវិការមួយគួរទទួលបានការសាទរ ប៉ុន្តែព្រមពេលជាមួយគ្នាក៏មានសំណួរជាច្រើនត្រូវបានចោទសួរផងដែរថា តើវ៉ាក់សាំងទាំងនេះនឹងត្រូវផ្ដល់ឱ្យតែប្រទេស ឬដែនដីជាសម្ព័ន្ធមិត្តដែលអាមេរិកត្រូវការជាចំាបាច់ដូចជាឥណ្ឌា តៃវ៉ាន់ និងវៀតណាម ឬក៏ត្រូវផ្គត់ផ្គង់ទាំងស្រុងទៅកាន់ ពិភពលោកតាមរយៈកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក (WHO)?
លោកស្រី Gayle Smith ជាអ្នកសម្របសម្រួលសកលកិច្ចការ COVID-19 នៃក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីសប្ដាហ៍មុនថាលោកស្រី មិនទាន់អាចបញ្ជាក់ពីដំណើរការចែករំលែកវ៉ាក់សាំងនោះទេ តែលោកស្រីសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកកំពុងវាយតម្លៃថាតើត្រូវចែករំលែកវ៉ាក់សាំងយ៉ាងណាឱ្យមាន ប្រសិទ្ធភាពឈរលើមូលដ្ឋាននៃតម្រូវការចាំបាច់របស់ប្រទេសនីមួយៗ។ ការយល់ព្រមបញ្ចេញវ៉ាក់សាំងរបស់រដ្ឋបាលលោក បៃដិនធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិករងសម្ពាធ និងការអំពាវនាវកាន់តែច្រើនឡើងឱ្យចែករំលែកវ៉ាក់សាំងដែលខ្លួនស្ដុកទុកមិនប្រើជាមួយពិភពលោក ខណៈករណីឆ្លងនៅក្នុងស្រុកថយចុះ រីឯប្រជាជនអាមេរិក ពេញវ័យជិត ៦០ភាគរយទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចដូសទី១។
សហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសជាសមាជិក Quad ដទៃដូចជាអូស្ត្រាលី ឥណ្ឌា និងជប៉ុន កាលពីខែមីនាកន្លងទៅបានសន្យាថានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការផលិត និងចែកចាយវ៉ាក់សាំងជាសកលសំដៅទប់ទល់នឹងការកើនឡើងឥទ្ធិពលចិនតាមរយៈ «វ៉ាក់សាំងការទូត»។ ដើម្បីដំណើរការផែនការនេះ អាមេរិក ជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាថានឹងផ្ដល់មូលនិធិរាប់ពាន់លានដុល្លារឱ្យឥណ្ឌាផលិតវ៉ាក់សាំង COVID-19 យ៉ាងហោច ១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ទុកសម្រាប់ចែកចាយដល់បណ្ដាប្រទេសអាស៊ី ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង។ ក៏ប៉ុន្តែ ការកើនឡើងករណីឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌា បានបង្ខំឱ្យលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌីដាក់ចេញបម្រាមនាំចេញវ៉ាក់សាំង ហើយវិទ្យាស្ថាន Serum ឥណ្ឌា (Serum Institute of India) ជាអ្នកផលិតវ៉ាក់សាំង ធំជាងគេបំផុតនៅលើពិភពលោកមិនអាចបំពេញការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដល់ Covax តាមការសន្យានោះទេ។ កាលពីពេលថ្មីៗនេះវិទ្យាស្ថានដដែល បានអះអាងថាខ្លួនអាចចាប់ផ្ដើមការផ្គត់ផ្គងវ៉ាក់សាំងដល់ Covax និងបណ្ដាប្រទេសឡើងវិញ នៅចុងឆ្នាំ២០២១នេះ។
បើតាមស្ថិតិចេញផ្សាយដោយក្រុមហ៊ុន Airfinity កម្មវិធី Covax មកទល់នឹងបច្ចុប្បន្នបានផ្ដល់វ៉ាក់សាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានត្រឹមតែ៦៨លានដូសប៉ុណ្ណោះ ពោលគឺនៅឆ្ងាយពីគោលដៅដែលចង់សម្រេចឱ្យបាន ២ពាន់លានដូសក្នុងឆ្នាំ២០២១នេះ ស្របពេលដែលចិនវិញបញ្ចេញវ៉ាក់សាំង ២៦៥លានដូសហើយ ទៅក្រៅប្រទេស។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំសុខាភិបាលសកលកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានសន្យាថាចិននឹងផ្ដល់ជំនួយអន្តរជាតិបន្ថែម ៣ពាន់លានដុល្លារ សម្រាប់រយៈពេល៣ឆ្នាំខាងមុខដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង COVID-19 និងការងើបឡើងវិញនូវសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
បន្ថែមពីលើនេះលោក ស៊ី បានសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងក៏នឹងជួយគាំទ្រផងដែរដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនក្នុងការផ្ទេរបច្ចេកវិទ្យា និងចូលរួមផលិតវ៉ាក់សាំងជាមួយ បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ក្រុមអ្នកវិភាគមួយចំនួនយល់ថាគេត្រូវរង់ចាំមើលសិនថាតើការបញ្ចេញវ៉ាក់សាំងរបស់អាមេរិកអាចជួយ Quad ទប់ទល់វ៉ាក់សាំងការទូតរបស់ ចិនបានដែរទេ? ពីព្រោះបញ្ហាគឺស្ថិតនៅត្រង់ថា Quad មែនជាមជ្ឈមណ្ឌលគ្រប់គ្រងការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងនោះទេ ដូច្នេះទោះជា Quad អាចចែកចាយវ៉ាក់សាំង តាមការសន្យានៅរយៈពេល ២ឆ្នាំខាងមុខក៏ដោយ ក៏ប្រជាជននៅក្នុងតំបន់ជាច្រើនប្រហែលងាកទៅរកវ៉ាក់សាំងចិនរួចទៅហើយ។
*អ្នកណាដើរមុន អ្នកនោះជាអ្នកឈ្នះ?
អ្នកវិភាគដូចជា លោក យូរី យ៉ាម៉ូលីនស្គី (Yury Yarmolinsky) មកពីវិទ្យាសា្ថនបេឡារុសសម្រាប់សិក្សាយុទ្ធសាស្ត្រ (Belarusian Institute for Strategic Research) បាននិយាយថានៅក្នុងការប្រជែងខាងវ៉ាក់សាំងការទូត អ្នកដែលទទួលបានជ័យជម្នះគឺជាអ្នកដែលផ្លាស់ប្ដូរយ៉ាងលឿនរហ័សពីការនិយាយ និងវោហាសាស្រ្តទៅជា សកម្មភាពជាក់ស្ដែង។ លោក Yarmolinsky បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនកំពុងគិតគូពីការផ្ទេរបច្ចេកវិទ្យាដើម្បីបង្កើនការអភិវឌ្ឍ និងការផ្គត់ផ្គង់របស់ពួកគេជាចម្បងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍតាមរយៈកម្មវិធីខ្សែក្រវាត់ និងផ្លូវ(Belt and Road)»។
Quad ឬកិច្ចសន្ទនាសន្តិសុខចតុភាគី (សមាជិកដូចជាអាមេរិក, ជប៉ុន, អូស្ត្រាលី និងឥណ្ឌា) គឺពឹងផ្អែកមួយភាគធំលើប្រទេសឥណ្ឌាក្នុងការផលិតវ៉ាក់សាំង រីឯអូស្ត្រាលី និងជប៉ុនក៏កំពុងជាប់ដៃចាក់វ៉ាក់សាំងប្រជាជននៅក្នុងស្រុកនៅឡើយដែរ។ ឥណ្ឌាបច្ចុប្បន្នដែលមានអ្នកឆ្លង COVID-19 ច្រើនជាង២៦លាននាក់ និងខ្វះខាតវ៉ាក់សាំង ដោយមានប្រជាជនទើបតែ ១៣ភាគរយនៃប្រជាជនសរុបជាង ១.៤ពាន់លាននាក់ប៉ុណ្ណោះបានទទួលការចាក់វ៉ាក់សាំង ប្រហែលជានឹងមិនអាចបញ្ចេញវ៉ាក់សាំង ជួយពិភពលោកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ។ ជាក់ស្ដែង សារព័ត៌មានឥណ្ឌា The Hindu បានរាយការណ៍កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកឆាប់ៗនេះដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិកមកបំពេញតម្រូវការនៅក្នុងស្រុក។
ក្នុងការព្យាយាមទប់ឥទ្ធិពលចិន លោក ចូ បៃដិនបានគាំទ្រការលើកលែងប៉ាតង់ ឬកម្មសិទ្ធបញ្ញាវ៉ាក់សាំង COVID-19។ ប៉ុន្តែបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកខ្លួនឯង និងមេដឹកនាំអឺរ៉ុបភាគច្រើនបានជំទាស់នឹងផែនការនេះដោយពួកគេយល់ថាវាមិនមែនជាមធ្យោបាយល្អទេ ផ្ទុយទៅវិញដើម្បីបង្កើនការផលិតវ៉ាក់សាំងសកល អាមេរិក គួរតែលុបចោលការរឹតត្បិតការនាំចេញគ្រឿងផ្សំផលិតវ៉ាក់សាំង ឬផ្ដល់ជំនួយវ៉ាក់សាំងបន្ថែមទៅបណ្ដាប្រទេសក្រីក្រទើបជាការប្រសើរ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានសន្យាថាអឺរ៉ុបនឹងផ្ដល់វ៉ាក់សាំងយ៉ាងហោច ១០០លានដូសដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា ការនាំមុខរបស់ចិនក្នុងនាមជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញថាអាចនឹងមានសន្ទុះកាន់តែខ្លាំងក៏ថាបាន ដ្បិត ការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិន Sinopharm ដោយអង្គការសុខភាពពិភពលោក WHO វានឹងជួយបង្កើនតម្រូវការវ៉ាក់សាំងចិនតាមរយៈកម្មវិធី Covax ដែលមាន គោលដៅចែកចាយវ៉ាក់សាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ WHO ក៏ត្រូវបានគេរំពឹងថាអាចនឹងអនុម័តវ៉ាក់សាំងចិន Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុង ពេលឆាប់ៗនេះផងដែរ៕
ប្រភព៖ Reuters និង Bloomberg (ថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១)