Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកមិនគួរបង្ខូចឈ្មោះចិន ពាក់ព័ន្ធគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវឡើយ តែគួរចូលរួមជួយវិញទើបប្រសើរ, នេះបើតាម The Diplomat ​(Video inside)

24-05-2021 15:57

(ប៉េកាំង)៖ សហរដ្ឋអាមេរិកមិនគួរបង្ខូចឈ្មោះប្រទេសចិន ក្នុងការផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេស ដែលចូលរួមនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលផ្តល់ដោយប្រទេសចិនឡើយ ប៉ុន្តែអាមេរិកគួរតែជួយពង្រីកការផ្តល់ ប្រាក់កម្ចីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដល់បណ្តាប្រទេសក្រីក្រវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

អត្ថបទមួយដែលត្រូវបានចេញផ្សាយ នៅលើទស្សនាវដ្ដី The Diplomat កាលពីចុងសប្ដាហ៍មុនបានគូសបញ្ជាក់ថា «ជាជាងការបង្ខូចឈ្មោះប្រទេសចិន ក្នុងការផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេស BRI សហរដ្ឋអាមេរិកគួរតែចូលរួមក្នុងការផ្តល់ប្រាក់កម្ចី សាងសង់ហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសក្រីក្រ ឬធ្វើឱ្យវាកាន់តែមានភាពងាយស្រួល សម្រាប់ធនាគារពហុភាគីក្នុងការផ្តល់ប្រាក់កម្ចី សម្រាប់គម្រោងបែបនេះ...»

អត្ថបទនោះ បានគូសបញ្ជាក់ថា BRI ត្រូវបានគេព្យាយាមបង្ខូចឈ្មោះម្តងហើយម្តងទៀតថាជា «ការដាក់អន្ទាក់បំណុល និងការដណ្តើមអំណាច» ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយដោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

លោក ដេបូរ៉ាហ៍ ប្រូធីហ្គាំ (Deborah Brautigam) នាយកនៃគំនិតផ្តួចផ្តើមស្រាវជ្រាវចិន-អាហ្វ្រិក ប្រចាំនៅសាកលវិទ្យាល័យ ចនស៍ ហប់ឃីនស៍ Johns Hopkins សហរដ្ឋអាមេរិក ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «វាគ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ធនាគារចិនផ្តល់ប្រាក់កម្ចីហួសប្រមាណ ឬវិនិយោគលើគម្រោងធ្វើឱ្យបាត់បង់ ដើម្បីទទួលបានទីតាំងឈរជើង នៅក្នុងប្រទេសទាំងនោះទេ។ បន្ថែមពីនេះ ក៏មាននូវភ័ស្តុតាងបន្ថែមទៀតដែលបញ្ជាក់ថា ប្រទេសចិនមិនបានចូលរួមនៅក្នុងទំនាក់ទំនងការទូត បែបអន្ទាក់បំណុលនោះដែរ។ ទន្ទឹមនឹងនេះ BRI ដែលស្នើឡើងដោយប្រទេសចិន មិនមែនជាការគំរាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ»

គួរបញ្ជាក់ថា ប្រទេសផ្សេងៗទៀតមិនមែនត្រឹមតែប្រទេសក្រីក្រទេ ដែលបានជ្រើសរើសចូលរួមក្នុង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ BRI មិនត្រឹមតែបានទៅដល់ទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងបានទៅដល់អាស៊ីបូព៌ា និងអឺរ៉ុបផងដែរ៕