(ប៉េកាំង)៖ យប់ថ្ងៃទី២១ ខែឧសភា នៅក្រុងប៉េកាំង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីសុខភាពពិភពលោកតាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានអំពាវនាវឱ្យរដ្ឋសមាជិកនៃប្រទេស G20 រ៉ាប់រងទំនួលខុសត្រូវក្នុងកិច្ចសហប្រតិបតិ្តការជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩នៅលើពិភពលោក ព្រមទាំងបានលើកឡើងគំនិតផ្តួចផ្តើម៥ចំណុច និងប្រកាសវិធានការថ្មី៥ចំណុច។

ក្នុងគ្រាគន្លឹះនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅលើពិភពលោក ព័ត៌មានដែលប្រទេសចិនបានបញ្ចេញនោះបានចង្អុលបង្ហាញទិសដៅ សម្រាប់កិច្ចសហប្រតិបតិ្តការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាផងដែរ។ បន្ទាប់ពីបានបូកសរុបបទពិសោធន៍ របស់ប្រទេសចិន និងបានគិតពិចារណាពីសមិទ្ធផល និងបញ្ហាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក លោក ស៊ី ជីនភីងបានលើកឡើង គំនិតផ្តួចផ្តើម៥ ចំណុច ក្នុងនោះបូករួមទាំង ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង និងអាយុជិវិតជាចម្បងប្រកាន់ខ្ជាប់ការអនុវត្តវិធានការដោយវិទ្យាសាស្ត្រ ររៀបចំនិងចាត់ចែងការងារទប់ទល់ជាប្រព័ន្ធ ប្រកាន់ខ្ជាប់ការរួមសុខរួមទុក្ខ ផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបតិ្តការដោយសាមគ្គីគ្នា ប្រកាន់ខ្ជាប់ភាពយុត្តិធម៌និងសមហេតុផល បំពេញបន្ថែមចន្លោះខ្វាះខាតរបស់ «ភាពខុសគ្នាយ៉ាងជ្រះស្រឡាះខាងភាពស៊ាំនឹងរោគ» ប្រកាន់ខ្ជាប់ដោះស្រាយបញ្ហាពីឫសគល់ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចមានសុក្រឹតភាព។

ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបានបញ្ជាក់ថា គំនិតផ្តួចផ្តើមទាំងនេះអាចអនុវត្តបានដោយមានប្រសិទ្ធភាព វាសមស្របនឹងតម្រូវការនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ របស់បណ្តាប្រទេសនានាបច្ចុប្បន្ន ហើយក៏បូករួមទាំងការគិតពិចារណាជាប្រព័ន្ធចំពោះការធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចផ្នែកសុខាភិបាលជាសកល មានសុក្រឹតភាព។ សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលលើកនេះបានដាក់បញ្ចូលគំនិតផ្តួចផ្តើមជាច្រើនដែលប្រទេសចិនបានលើកឡើង ប្រការនេះបានបង្ហាញថា សហគមន៍អន្តរជាតិបានទទួលស្គាល់ជាទូទៅចំពោះបទពិសោធន៍និងតម្រិះប្រាជ្ញារបស់ប្រទេសចិន។

ក្នុងរយៈពេល៣ឆ្នាំខាងមុខ ប្រទេសចិននឹងផ្តល់ជំនួយអន្តរជាតិក្នុងតម្លៃ៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងន័យផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជារៀបចំការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឡើងវិញផងដែរ ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកាន់តែច្រើនដល់ពិភពលោកទាំងមូល ផ្តល់ការគាំទ្រដល់ការផ្ទេរបច្ចេកទេសវ៉ាក់សាំង ធ្វើកិច្ចសហប្រតិបតិ្តការក្នុងការផលិតវ៉ាក់សាំង និងព្យួរកម្មសិទ្ធិបញ្ញាវ៉ាក់សាំង ប្រទេសចិនផ្តួចផ្តើមឱ្យបង្កើត វេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបតិ្តការវ៉ាក់សាំង និងជំរុញឱ្យពិភពលោកចែកចាយវ៉ាក់សាំងដោយស្មើគ្នានិងសមហេតុសមផល ល។ល

វិធានការទាំងនេះបានឆ្លើយតបនឹងការយកចិត្តទុកដាក់សំខាន់បំផុតរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ ដែលមានអំណោយផលដល់ការលើកកម្ពស់សមត្ថភាព និងជំនឿចិត្តរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩។ បើនិយាយចំពោះសហគមន៍អន្តរជាតិ ការយកឈ្នះក្នុងពេលឆាប់ៗលើ ការរីករាលដាលនៃជំងឺកូវីដ១៩ និងរៀបចំកំណើនសេដ្ឋកិច្ចឡើងវិញជាភារកិច្ចចម្បង។ ប៉ុន្តែបើចង់សម្រេចបាននូវភារកិច្ចនេះ គ្រាន់តែពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិនគឺមិនគ្រប់គ្រាន់នោះទេ។ ពិភពលោកនាពេលបច្ចុប្បន្ននេះកាន់តែត្រូវការ «សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ» ជាងពេលណាៗទាំងអស់ ហើយនេះក៏ជាព័ត៌មានយ៉ាងលេចធ្លោបំផុតដែលប្រទេសចិនបានគូសបញ្ជាក់និងបញ្ចេញឱ្យឃើញយ៉ាងច្បាស់លាស់ក្នុងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕