(កាលីហ័្វរញ៉ា)៖ ខ្សែវីដេអូអំពីការចូលរួមពិធីខួបកំណើតមួយ ដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមដ៏ពេញនិយម TikTok បានបង្ហាញឱ្យឃើញថា មានមនុស្សរាប់រយនាក់បានទៅចូលរួមអបអរសាទរ នៅឯឆ្នេរខ្សាច់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលជំរុញឱ្យមន្រ្តីប៉ូលិសចាប់ខ្លួនមនុស្សជិត ១៥០នាក់ពីបទជួបជុំខុសច្បាប់ និងរំលោភបម្រាមគោរចរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរតំបន់ Orange County បានរាយការណ៍ថា ការជួបជុំដ៏ធំមួយបានបង្ហាញឱ្យឃើញតាមរយៈខ្សែវីដេអូ ដែលត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដ៏ពេញនិយមពីអ្នកប្រើប្រាស់ឈ្មោះ អេឌ្រាន ឡូប៉ែស (adrian.lopez-517) ដែលបានអញ្ជើញមនុស្សគ្រប់ៗគ្នា ចូលរួមពិធីខួបកំណើតរបស់ខ្លួននៅឯឆ្នេរខ្សាច់ ហាន់ធីងតុន (Huntington) កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។ ខ្សែវីដេអូដែលបានបង្ហោះចែកចាយ ដោយភ្ជាប់ជាមួយ hashtag «AdriansKickBack» នោះ គឺទទួលបានការចូលមើលជាង ១៨០លានដងនៅលើបណ្ដាញសង្គម TikTok។
អ្នកនាំពាក្យទីបញ្ជាការប៉ូលិស លោកស្រី ជែននីហ្វឺ ខារី (Jennifer Carey) បានគូសបញ្ជាក់ថា មនុស្សដែលត្រូវបានចាប់ខ្លួន រួមមានមនុស្សពេញវ័យចំនួន ១២១នាក់ និងអនីតិជនចំនួន ២៨នាក់ដែលត្រូវបានគេកត់ឈ្មោះ ចូលទៅក្នុងបញ្ជីនៃបទបំផ្លិចបំផ្លាញ បទដុតកាំជ្រួចខុសច្បាប់ និងបទរំលោភបំរាមគោចរ។
គួរបញ្ជាក់ថា ឆ្នេរខ្សាច់ Huntington ជាឆ្នេរខ្សាច់ដែលមានប្រវែងប្រមាណ ១៣គីឡូម៉ែត្រធ្លាប់ជាកន្លែងជួបជុំធំៗកាលពីឆ្នាំ២០២០កន្លងទៅនេះ ចំពេលមានការរឹតត្បឹត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19, ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងចលនា Black Lives Matter ដែលបានអូសទាញក្រុមអ្នកតវ៉ារាប់រយរាប់ពាន់នាក់ ដោយពេលខ្លះបានប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិស នៅតំបន់ទីប្រជុំជននោះទៀតផង៕