(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) បាននិយាយថាវិធានការបិទប្រទេសទាំងស្រុងដូចដែលបានដាក់ចេញ កាលពីឆ្នាំ២០២០ អាចធានាសុវត្ថិភាពប្រជាជនពី COVID-19 បានពិតមែន តែការធ្វើបែបនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចដួលរលំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក មូហៃយ៉ីដឌីន បានសង្កត់ធ្ងន់ថាមួយរយៈពេល មកនេះមានការអំពាវនាវមួយចំនួនឱ្យរដ្ឋាភិបាលរបស់លោកអនុវត្តវិធានការបិទប្រទេសទាំងស្រុង ដូចដែលធ្លាប់ត្រូវបានដាក់ចេញដំបូងនៅចន្លោះពីខែមីនា និងខែឧសភា កាលពីឆ្នាំមុន។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានគូសបញ្ជាក់ដូច្នេះថា៖ «យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុង ផ្ទះ ជាការពិតណាស់វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ...ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច»។
គួរបញ្ជាក់ថា បើតាមលោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ ៥៧៩លានដុល្លារក្នុងមួយថ្ងៃ។ កាលពីដើមខែឧសភាកន្លងទៅនេះ លោក មូហៃយ៉ីដឌីនបានប្រកាសថាម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ប្រឈមមុខនឹងការកើនឡើងករណីឆ្លងសាជាថ្មី ដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីកាលពីថ្ងៃអាទិត្យបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងដល់ទៅ ៦,៩៧៩នាក់ និងស្លាប់ថ្មី៤៩នាក់ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៥១២,០៩១នាក់ ក្នុងនោះស្លាប់ ២,២៤៨នាក់៕