Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក៖ ការបាញ់ប្រហារក្នុងពិធីជប់លៀងមួយនៅរដ្ឋ New Jersey បានផ្តាច់ជីវិតមនុស្ស ២នាក់ និង១២នាក់ទៀតរងរបួស

23-05-2021 22:23

(ញូវជឺស៊ី)៖ មន្ត្រីប៉ូលីសបានរាយការណ៍ឲ្យដឹងថា មានបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងពិធីជប់លៀងនៅផ្ទះមួយ ស្ថិតក្នុងតំបន់ Cumberland County នៃរដ្ឋញូវជឺស៊ី (New Jersey)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។

ប៉ូលីសរដ្ឋញូវជឺស៊ីបាននិយាយថា ទាហានបានឆ្លើយតបទៅនឹងរបាយការណ៍ នៃការបាញ់ប្រហារក្នុងផ្ទះមួយនៅក្នុងទីក្រុង Fairfield ដែលជាតំបន់ជនបទស្ថិតភាគខាងត្បូង នៃរដ្ឋ New Jersey នាវេលាម៉ោងប្រហែល ១១ និង៥០នាទី ថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។

ទីភ្នាក់ងារបានបន្ថែមថា ពួកគេបានរកឃើញបុរសវ័យ ៣០ឆ្នាំម្នាក់ និងស្ត្រីវ័យ ២៥ឆ្នាំម្នាក់បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើងនៅកន្លែងកើតហេតុ ខណៈដែលមនុស្សប្រមាណ ១២នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងចំណោមនេះមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ប្រភពដដែលនេះមិនបានផ្តល់ព័ត៌មានណាមួយអំពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះទេ ហើយក៏មិនបានបញ្ជាក់ថាតើ ជនសង្ស័យត្រូវបានចាប់ខ្លួនហើយឬនៅនោះទេ៕