(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃអាទិត្យនេះ បានឲ្យរាយការណ៍ឲ្យដឹថា ម៉ាឡេស៊ីទើបតែបានរកឃើញករណីឆ្លង COVID-19 ចំនួន ៦,៩៧៦ករណីបន្ថែមទៀត ដែលចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីមានផ្ទុះជំងឺនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីរាយការណ៍ខាងលើមានតែ ៥ករណីប៉ុណ្ណោះជាករណីនាំចូល ខណៈដែល ៦,៩៧១ករណីទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
ទន្ទឹមនឹងនេះ មា៉ឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ៤៩នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២,០២៤៨នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ៥២១,០០០ករណី។ បច្ចុប្បន្នករណីសកម្មគឺមានចំនួន ៥៧,០២២ករណី ក្នុងនោះអ្នកជំងឺឈឺធ្ងន់ធ្ងរ ៦៨១នាក់ ដែលកំពុងស្ថិកក្នុងបន្ទុបសង្រ្គោះបន្ទាន់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ីកំពុងស្ថិតនៅក្រោមវិធានការរឹតត្បិតលើការធ្វើដំណើរនៅទូទាំងប្រទេស រហូតដល់ខែមិថុនា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះរីករាលដាល នៃជំងឺនេះ។ ប៉ុន្តែទោះជាយ៉ាងណា វិធានការនេះបានបរាជ័យរួចស្រេចទៅហើយ ថ្បិតថាករណីឆ្លងប្រចាំថ្ងៃនៅតែបន្តកើនឡើង ដែលបានធ្វើប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនេះស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយបង្ខំឱ្យរដ្ឋាភិបាលប្រកាសចាត់វិធានការរឹតបន្តឹងបន្ថែមទៀត នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕