(បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះបាននិយាយថាតំបន់ព្រំដែននឹងត្រូវបានរឹតបន្តឹង បន្ទាប់ពីការរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មី មានប្រភពដើមមកពីអាហ្វ្រិកខាងត្បូងចំនួន ៣ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

ករណីវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូង ឬគេស្គាល់ថា B.1.351 ត្រូវបានរកឃើញលើជនជាតិថៃម្នាក់ កាលពីថ្ងៃទី០៤ ខែឧសភា បន្ទាប់ពី សមាជិកគ្រួសាររបស់គាត់បានធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី ដើម្បីមកសួរសុខទុក្ខរូបគាត់។ ដោយឡែក ២ករណីទៀតត្រូវបានអាជ្ញាធរសុខាភិបាលថៃអះអាងថាមាន លក្ខណៈដូចគ្នាទៅនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអាហ្វ្រិកខាងត្បូងដែលរកឃើញលើអ្នកមកពីម៉ាឡេស៊ីទាំងនោះផងដែរ។

ជាវិធានការទប់ស្កាត់ រដ្ឋាភិបាលថៃនឹងរឹតបន្តឹងតំបន់ព្រំដែន ក៏ដូចជាបង្កើនការត្រួតពិនិត្យ និងតម្រូវឱ្យអាជ្ញាធរអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងប្រឆាំងនឹងការឆ្លងដែន ដោយខុសច្បាប់។

គួរបញ្ជាក់ថា ថៃនៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីអ្នកឆ្លង COVID-19 ៣,៣៨២នាក់ និងស្លាប់ថ្មី ១៧នាក់ ដែលនេះនាំឱ្យអ្នកឆ្លងសរុបកើនដល់ ១២៩,៥០០នាក់ ក្នុងស្លាប់ ៧៧៦នាក់៕