(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ត្រូវបានផាកពិន័យពីបទបំពានលើវិធានការសុខាភិបាលទប់ស្កាត់ COVID-19 ក្នុងការរៀបចំពិធីជួបជុំមួយ ក្នុងរដ្ឋ Maranhao កាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
អភិបាលរដ្ឋ Maranhao លោក Flavio Dino បានឱ្យដឹងថាអាជ្ញាធរសុខភិបាលប្រចាំរដ្ឋបានដាក់ពាក្យប្ដឹងលោក Bolsonaro សម្រាប់ការរៀបចំពិធីជួបនៅក្នុងរដ្ឋមួយនេះ ដោយមិនបានអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវ។ លោក Flavio Dino បានគូសបញ្ជាក់ដូច្នេះថា៖ «ច្បាប់ត្រូវអនុវត្តលើមនុស្សគ្រប់រូប ហើយការប្រមូលផ្ដុំនៅតាម ទីសារធារណៈដែលមានមនុស្សច្រើនជាង១០០នាក់ គឺត្រូវបានហាមឃាត់ រីឯការការពាក់ម៉ាស់ជាកាតព្វកិច្ច»។
គួរបញ្ជាក់ថា បើតាមលោក Flavio Dino លោកប្រធានាធិបតី Jair Bolsonaro ដែលតែងតែមើលស្រាល COVID-19 មានរយៈពេល១៥ថ្ងៃ ដើម្បីជំទាស់នឹងការផាក ពិន័យ តែលោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់បង់ពិន័យនោះទេ៕