(ហាណូយ)៖ ប្រជាជនវៀតណាមនៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតដោយពាក់ម៉ាស ដើម្បីបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ បើទោះជា COVID-19 កំពុងឆ្លងរាលដាលសាជាថ្មីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បេក្ខជនឯករាជ្យឈរឈ្មោះដែលមានចំនួនតិចជាងរាល់ដង បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទាំង ៥០០នាក់ នៃសភាជាតិវៀតណាម ដែលតែងតែរៀបចំការបោះឆ្នោតជារៀងរាល់ ៥ឆ្នាំម្ដង បន្ទាប់ពីគណបក្សកុម្មុយនិស្ដរៀបចំសមាជជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន។
បន្ថែមពីលើនេះប្រជាជនវៀតណាមជិត ៦៩.២លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតក៏នឹងត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ខេត្ត និងថ្នាក់ស្រុកផងដែរ។
គួរបញ្ជាក់ថា បេក្ខជនដែលចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈសភា មានប្រហែល ៩២ភាគរយជាសមាជិកគណបក្សកុម្មុយនិស្ដវៀតណាម ខណៈបេក្ខជនឯករាជ្យ មានត្រឹមតែ ៧៤នាក់ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២១នេះ បើធៀបទៅនឹងឆ្នាំ២០២០ មាន៩៧នាក់។ ការបោះឆ្នោតនៅពេលនេះធ្វើឡើងនៅចំពេល COVID-19 កំពុងឆ្លង រាលដាលសាជាថ្មី ដោយមនុស្ស ២,០៦៦នាក់ បានឆ្លងជំងឺនេះចាប់តាំងពីចុងខែមេសាកន្លងទៅមក៕