(សេអ៊ូល)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក គឺ Moderna និង Novavax បានចូលរួមក្នុងកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងដើម្បីផលិត វ៉ាក់សាំង COVID-19 របស់ពួកគេ ចំពេលលោកប្រធានាធិបតី មូន ចែអ៉ីនកំពុងរងសម្ពាធជុំវិញភាពយឺតយ៉ាវនៃយុទ្ធនាការចាក់វ៉ាក់សំាង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
កិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ម្សិលមិញ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន បានឯកភាពលើកិច្ចសហការគ្រប់ជ្រុងជ្រោយលើវ៉ាក់សាំង COVID-19 ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោននឹងផ្ដល់ការចាក់វ៉ាក់សាំងដល់ទាហានកូរ៉េខាងត្បូង ៥៥០,០០០នាក់។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងដែលទើបតែចាក់វ៉ាក់សាំងបានត្រឹមតែជាង ១០ភាគរយប៉ុណ្ណោះនៃប្រជាជនរបស់ខ្លួន ៥២លាននាក់ មានគោលដៅចាក់វ៉ាក់សាំងឱ្យបាន ៧០ភាគរយនៅត្រឹមខែកញ្ញាខាងមុខនេះ ជាមួយការបញ្ជាទិញវ៉ាក់សាំងរហូតដល់ទៅ ១៩២លានដូសពីក្រុមហ៊ុន AstraZeneca, Pfizer, Novavax, Moderna និងក្រុមហ៊ុន Johnson & Johnson។ កូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ម្សិលមិញ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥៨៥នាក់ ធ្វើឱ្យអ្នកឆ្លងសរុប កើនដល់ ១៣៥,៩២៩នាក់ ក្នុងនោះស្លាប់ ១,៩៣១នាក់៕