(ប៉ារីស)៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងធំៗ ក្នុងតំបន់អឺរ៉ុបដើម្បីបង្ហាញសាមគ្គីភាព និងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ក្រោយសង្រ្គាម រយៈពេល ១១ថ្ងៃរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន ២៤៨នាក់ ក្នុងនោះមានកុមារ៦៦នាក់ និងជនជាតិអ៉ីស្រាអែល១២នាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
ការប្រមូលផ្ដុំគ្នា និងការដើរជាក្បួនបង្ហាញសាមគ្គីភាពបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស, ទីក្រុងឡុងដ៍, និងទីក្រុងមួយចំនួនទៀតនៅក្នុងប្រទេសអាលឺ្លម៉ង់ រួមទាំង ទីក្រុងមែលប៊ឺន Melbourne ប្រទេសអូស្ត្រាលីផងដែរ។ លោក ប៊ឺទ្រែន ហៃប្រ៊ុន (Bertrand Heilbronn) ជាប្រធានសមាគម France Palestine Solidarity ដែល បានរៀបចំការប្រមូលផ្ដុំក្នុងទីក្រុងប៉ារីស ប្រទេសបារាំងបានលើកឡើងដូច្នេះថា៖ «បទឈប់បាញ់តែមួយមិនអាចដោះស្រាយបញ្ហាបានឡើយ។ ការវាយប្រយុទ្ធគ្នា គឺជាបញ្ហាមានជាប់ពាក់ព័ន្ធនឹងអ្នកដែលចង់បានតម្លៃយុត្តិធម៌, សេចក្ដីថ្លៃថ្នូរ និងច្បាប់»។
គួរបញ្ជាក់ថា ក្នុងសង្រ្គាមរយៈពេល១១ថ្ងៃ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់បានបង្កការខូចខាតយ៉ាងដំណំដល់ប្រជាជនប៉ាឡេស្ទីន ដោយភាគីអ៉ីស្រាអែល បានវាយប្រហារយ៉ាងសន្ធាប់បំផ្លាញហេដា្ឋរចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងតំបន់ហ្គាហ្សា ក្នុងនោះមានទាំងមន្ទីរពិសោធន៍ធ្វើតេស្ដរក COVID-19 តែមួយគត់។ ក្រៅពីនេះប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង និងច្រើនជាង ១,៩០០នាក់បានរងរបួស៕