(ប៉េកាំង)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសចិន នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ២០នាក់ដែលបានចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុង (marathon) នៅឯតំបន់ភ្នំស្ថិតក្នុង Gansu ភាគពាយព្យនៃប្រទេសបានស្លាប់ និងម្នាក់ទៀតបាត់ខ្លួនដោយសារតែអាកាសធាតុអាក្រក់លាយឡំជាមួយ ភ្លៀងទឹកកក និងខ្យល់បក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដោយស្រង់សម្ដីពីក្រុមជួយសង្រ្គោះបានបញ្ជាក់ទៀតថាអ្នកដែលបានបាត់បង់ជីវិតខាងលើបានបាត់បង់សីតុណ្ហភាពក្នុងរាងកាយ ភ្លាមៗដោយសារស៊ីតុណ្ហភាពចុះត្រជាក់ខ្លាំងពេក។ អាជ្ញាធរបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះ៧០០នាក់ទៅកាន់កន្លែងកើតហេតុ ខណៈមនុស្សម្នាក់ត្រូវបានគេ រាយការណ៍ថានៅបន្តបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) អ្នកចូលរួមការរត់ marathon មានចំនួន១៥១នាក់ត្រូវបានអះអាងថាមានសុវត្ថិភាព ហើយមនុស្សសរុប ១៧២នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕