(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាម នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលនៅក្រោមក្រសួងសុខាភិបាលវៀតណាម កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយប្រទេសរុស្ស៉ី ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 Sputnik នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍របស់ វែបសាយព័ត៌មានវៀតណាម VnExpress ខាងដៃគូនៅរុស្ស៉ីជាជំហានដំបូង នឹងផ្តល់ផលិតផលជិតសម្រេច រួមជាមួយសេចក្តីណែនាំ មកកាន់មជ្ឈមណ្ឌល Polyvac របស់ក្រសួងសុខាភិបាលវៀតណាម ដើម្បីផលិតវ៉ាក់សាំងប្រមាណជា៥០លានដូស ក្នុងមួយឆ្នាំ។ នៅដំណាក់កាលក្រោយមកទៀត ខាងមជ្ឈមណ្ឌល Polyvac នឹងចាប់ផ្តើមផលិតវ៉ាក់សាំងដោយខ្លួនឯងសុទ្ធសាធ។ មជ្ឈមណ្ឌល Polyvac បានចេញមុខបញ្ជាក់ថា កិច្ចពិភាក្សានេះកំពុងតែប្រព្រឹត្តទៅមែន ប៉ុន្តែពុំផ្តល់ព័ត៌មានលម្អិតអ្វីឡើយ។
សេចក្តីរាយការណ៍ខាងលើ បានអះអាងថា វៀតណាមក៏កំពុងចរចាទិញវ៉ាក់សាំង Sputnik V ពីរុស្ស៉ី សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសខ្លួន មុនពេលចាប់ផ្តើមការផលិតវ៉ាក់សាំងនេះ នៅក្នុងស្រុកផងដែរ។ កាលពីខែមីនាកន្លងទៅ វៀតណាមបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Sputnik V។ វាជាវ៉ាក់សាំងទី២ ដែលត្រូវបានវៀតណាមអនុម័ត បន្ទាប់ពីវ៉ាក់សាំង AstraZeneca។
គួរបញ្ជាក់ថា មកទល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនបានប្រហែល១លានដូស គិតចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើម កាលពីដើមខែមីនា ខណៈវ៉ាក់សាំងដែលវៀតណាមទទួលបាន មានចំនួនជាង២.៦លានដូស ដែលភាគច្រើនបានមកតាមរយៈកម្មវិធី COVAX។ ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសក្នុងសប្តាហ៍នេះថា ខ្លួនគ្រោងបង្កើតមូលនិធិទំហំ ១.១ពាន់លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំង COVID-19 សរុប១៥០លានដូស សម្រាប់ប្រជាជនជាង៩៦លាននាក់ ក្នុងប្រទេសនេះ៕