(រីយ៉ាដ)៖ សារព័ត៌មានអារ៉ាប់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានផ្សាយថា ព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានទូរស័ព្ទទៅប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់ម៉ូដ អាហ្ពាស់ ជាថ្មី ដោយព្រះអង្គមានបន្ទូលថា ព្រះរាជាណាចក្រអារ៉ាប៊ីសាឌីត ធ្វើការថ្កោលទោសចំពោះការឈ្លានពាន និងការវាយប្រហាររបស់អ៉ីស្រាអែល នៅទីក្រុងយេរ៉ូសាឡឹម និងតំបន់ហ្គាហ្សា ក្នុងរយៈពេលប្រមាណថ្ងៃកន្លងទៅនេះ ។

សារព័ត៍មានដដែលបន្តថា ព្រះអង្គបានមានបន្ទូលបន្ថែមថា អារ៉ាប៊ីសាអ៊ូឌីត នឹងនៅបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅគ្រប់កម្រិត ដើម្បីការពារការវាយប្រហាររបស់អ៉ីស្រាអែលទៅលើក្រុងយេរ៉ូសាឡឹម ដោយធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៉ីស្រាអែល។

ជាការឆ្លើយតបវិញ លោកប្រធានាធិបតីប៉ាឡេស្ទីន ម៉ាស់ម៉ូដ អាហ្ពាស់ បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អារ៉ាប៊ីសាអ៊ូឌីត និងថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងនាមអង្គការអន្តរជាតិឥស្លាម និងអារ៉ាប់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៉ីស្រាអែល និងគាំទ្រប្រជាជនប៉ាឡេស្ទីន។

សូមជម្រាបថា យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីន ស្លាប់ចំនួន ២៣២នាក់ ក្នុងនោះស្ត្រីចំនួន ៣៩នាក់ និងកុមារចំនួន ៦៥នាក់ និងមានអ្នករបួសជាង ២ពាន់នាក់ ក្នុងរយៈពេល ១១ថ្ងៃ កន្លងទៅ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល ។

សូមរម្លឹកដែរជំនួយដោយគ្មានព្រំដែនរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតដែលបានជួយទៅចំពោះជនជាតិប៉ាឡេស្ទីន មានចំនួនជាង ៦,០០០លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយទៅលើផ្នែកអភិវឌ្ឍន៍ ,ជំនួយមនុស្សធម៌ និងជំនួយសប្បុរសធម៌ ៕