អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាថ្លែងថា «លោកស្រី អោង សាន ស៊ូ ជី នឹងបង្ហាញមុខក្នុងពេលឆាប់ៗ នៅតុលាការ»
22-05-2021 18:08
(រ៉ង់ហ្គូន)៖ នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ដំបូងបំផុត បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង បានថ្លែងថា លោកស្រី អោង សាន ស៊ូ ជី នឹងបង្ហាញវត្តមានក្នុងពេលពីរទៅបីថ្ងៃខាងមុខនេះ ជាមួយនិងសុខភាពល្អធម្មតា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
លោក មីន អោង ហ្លេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកស្រី អោង សាន ស៊ូ ជី មានសុខភាពល្អ។ លោកស្រីកំពុងស្នាក់នៅក្នុងផ្ទះរបស់លោកស្រី និងមានសុខភាពល្អ។ លោកស្រីនឹងបង្ហាញមុខនៅសវនាការកាត់ក្តី ក្នុងតុលាការនាប៉ុន្មានថ្ងៃទៀត»។
គួរបញ្ជាក់ថា ព័ត៌មានខាងលើនេះត្រូវបានបញ្ចេញ ដោយទូរទស្សន៍ផ្សាយជាភាសាចិនឈ្មោះ ហ្វឺនិច (Phoenix) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ នេះជាលើកដំបូងហើយដែលលោក មីន អោង ហ្លេន បានបង្ហើបដោយផ្ទាល់អំពីស្ថានភាពរបស់លោកស្រី ស៊ូ ជី ខណៈមកទល់នឹងពេលនេះ អំពើហិង្សានៅមីយ៉ាន់ម៉ានៅតែកំពុងបន្ត ហើយការបង្ក្រាបដ៏ហិង្សា ក៏បានកើតមានឡើងជាបន្តបន្ទាប់ផងដែរ៕