(ប៉េកាំង)៖ ទីបំផុតយានរ៉ូបូត (Rover) របស់ចិន Zhurong នៃបេសកកម្ម Tianwen-1 បានចល័តខ្លួនចុះលើជើងទម្ររបស់វា ទៅប៉ះនឹងផ្ទៃដីរបស់ភពអង្គារ (Mars) ផ្ទាល់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។

Tianwen-1 ដែលជាបេសកកម្មលើកដំបូងបំផុតរបស់ប្រទេសចិន ឆ្ពោះទៅកាន់ភពដទៃនៅក្នុងប្រព័ន្ធព្រះអាទិត្យ បានចាកចេញពីផែនដី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ បេសកកម្មនេះ រួមមានផ្កាយរណបមួយគ្រឿង (Orbiter) ជើងទម្រសម្រាប់ចុះចតមួយគ្រឿង (Lander) ហើយនិងយានចល័តខាងលើ។ ជើងទម្រចុះចតបាននាំយកយាន Zhurong ទៅដល់តំបន់ Utopia Planitia ដែលនៅអឌ្ឍគោលខាងជើងនៃផ្ទៃភពអង្គារ ដោយសុវត្ថិភាព កាលពីថ្ងៃទី១៥ ខែឧសភា។

គួរបញ្ជាក់ថា ក្រោយពេលចុះទៅដល់ យាន Zhurong បានស្ថិតនៅលើជើងទម្ររហូតមក ដើម្បីសិក្សាអំពីបរិស្ថានជុំវិញនិងឆែកប្រព័ន្ធផ្សេងៗ។ ការចល័តយាន Zhurong ទៅប៉ះនឹងដីភពអង្គារផ្ទាល់នាថ្ងៃសៅរ៍នេះ នាំឲ្យចិនក្លាយជាប្រទេសទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានយានរ៉ួបូត ធ្វើប្រតិបត្តិការនៅលើភពក្រហមនោះ៕