(ប៉េកាំង)៖ រសៀលថ្ងៃទី២០ ខែឧសភា តាមម៉ោងក្នុងតំបន់ សភាអឺរ៉ុបបានបោះឆ្នោតអនុម័តសេចក្តីសំណើរមួយ ហើយទាមទារឱ្យមុនពេលសភាអឺរ៉ុបអនុញ្ញាត កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងចិននិងអឺរ៉ុប ចិនត្រូវដោះលែងការដាក់ទណ្ឌកម្មតបតវិញ ចំពោះសហភាពអឺរ៉ុបសិន។
ប្រការនេះត្រូវមជ្ឈដ្ឋានខាងក្រៅសន្មត់ថា សភាអឺរ៉ុបបាន «បង្កក» កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងចិននិងអឺរ៉ុប ដែលបានឈានដល់តាមរយៈការចរចា អស់រយៈពេល៧ឆ្នាំ។ ទង្វើរបស់សភាអឺរ៉ុបបែបនេះ ជាទង្វើដើម្បីសម្តែងអាកប្បកិរិយាខ្វះវិចារណញ្ញាណ ដែលគ្មានហេតុផលអ្វីទាល់តែសោះ។
ហេតុអ្វីបានជា ភាគីចិនអនុវត្តការដាក់ទណ្ឌកម្មតបតវិញ ទៅលើភាគីអឺរ៉ុប? មូលហេតុគឺដោយមកពីកាលពីខែមីនា ឆ្នាំនេះ ភាគីអឺរ៉ុបបានដាក់ទណ្ឌកម្មដោយឯកតោភាគី ទៅលើបុគ្គលិកនិងអង្គភាពជាក់ស្តែងពាក់ព័ន្ធរបស់ភាគីចិន ដោយយកពាក្យកុហកពាក់ព័ន្ធនឹង ភូមិភាគស្វ័យតស៊ីនជាំងធ្វើជាលេស ក្នុងន័យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ប្រការនេះបានល្មើសនឹងច្បាប់អន្តរជាតិ និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ។
ភាគីចិនធ្វើការតបតវិញ គឺជាតម្រូវការដើម្បីគាំពារផលប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏ជាប្រតិកម្មដ៏ត្រឹមត្រូវ និងចាំបាច់សម្រាប់ទប់ទល់នឹង ការដាក់ទណ្ឌកម្មរបស់ភាគីអឺរ៉ុបផងដែរ។ មិនថាធ្វើការប្រកួតប្រជែងខាងនយោបាយ ឬក៏ធ្វើការចរចាខាងសេដ្ឋកិច្ច ការធ្វើបំភិតបំភ័យជាមធ្យោបាយ ដែលប្រើប្រាស់ជាទូទៅ។ ប៉ុន្តែបើសិនជាចង់ឱ្យមធ្យោបាយនេះ អាចទទួលបានផល នោះបញ្ហាគន្លឹះគឺត្រូវមានភ្នាល់ ដែលគួរឱ្យគូខាងម្ខាងភ័យខ្លាច។
តើការរារាំងការអនុញ្ញាតកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងចិននិងអឺរ៉ុប ចូលជាធរមាន នឹងធ្វើឱ្យភាគីចិនភ័យខ្លាចឬទេ? វាច្បាស់ណាស់ ធ្វើមិនកើតទេ។ ដូចភាគីចិនបានគូសបញ្ជាក់ជាច្រើនលើកហើយថា «កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងចិននិងអឺរ៉ុប ជាកិច្ចព្រមព្រៀងមួយដែលមានតុល្យភាព ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ មិនមែនជាការប្រទានដល់ភាគីណាមួយនោះទេ»។
ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការវិនិយោគរបស់សហគ្រាសអឺរ៉ុបនៅប្រទេសចិន បានឡើងដល់ ១សែន៤ម៉ឺន៦ពាន់លានប្រាក់អឺរ៉ូ ហើយទទួលផលកម្រៃយ៉ាងច្រើន។ សភាអឺរ៉ុបធ្វើការរារាំងបែបនេះ ហាក់ដូចជាឱ្យសហគ្រាសអឺរ៉ុប ផ្ទេរផលប្រយោជន៍ឱ្យអ្នកផ្សេងទៀត។
ទស្សនាវដ្តី Wirtschafts Woche របស់អាល្លឺម៉ង់បានចេញផ្សាយអត្ថបទបង្ហាញថា សហគ្រាសអឺរ៉ុបជាច្រើនព្រួយបារម្ភថា ប្រសិនបើការអនុញ្ញាតកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរវាងចិននិងអឺរ៉ុប ត្រូវពន្យារពេលជាបន្តបន្ទាប់ នោះពួកគេនឹងបាត់បង់ឱកាសកាន់តែច្រើន សម្រាប់ចូលក្នុងទីផ្សារចិនដ៏ធំធេង លើវិស័យទូរគមនាគមន៍ សេវាកម្មហិរញ្ញវត្ថុ សុខាភិបាលឯកជន សេវាកម្មបរិស្ថាន ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមនិងការដឹកជញ្ជូនតាមផ្លូវអាកាសជាដើម។ រីឯសហគ្រាសរបស់សហរដ្ឋអាមេរិកនិងតំបន់ផ្សេងទៀត នឹងមានឧត្តមភាពកាន់តែច្រើន នៅទីផ្សាររបស់ចិនទៅវិញ។
ក្រៅពីនេះ ការរារាំងកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងចិននិងអឺរ៉ុប ក៏នឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់ សេដ្ឋកិច្ចសកលដែលត្រូវងើបឡើងវិញ ជាបន្ទាន់ផងដែរ។ ក្នុងបុរេលក្ខខណ្ឌដែលត្រូវគាំពារផលប្រយោជន៍ផ្ទាល់ខ្លួន ជានិច្ចកាល ភាគីចិនមានសុទ្ធចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងចិននិងអឺរ៉ុបនិងសម្រេចការឈ្នះ-ឈ្នះ។
ដូច្នេះភាគីអឺរ៉ុបគួរតែមើលឃើញឱ្យបានច្បាស់ នូវការពិតជាក់ស្តែង បញ្ឈប់ការដាក់ទណ្ឌកម្មនិងបដិបក្ខគ្នា ដែលយកពាក្យកុហកធ្វើជាលេស និងធ្វើជម្រើសប្រកបដោយវិចារណញ្ញាណ ដែលសមស្របនឹងផលប្រយោជន៍របស់បណ្តាភាគីនានា៕