(ប៉េកាំង)៖ វេលាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់លោក Mario Draghi នាយករដ្ឋមន្រ្តីអ៊ីតាលី និងលោកស្រី Ursula von der leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលរួម ក្នុងកិច្ចប្រជុំកំពូលសុខភាពសកល នៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នាកសាងសហគមន៍សុខភាពរបស់មនុស្សជាតិ»។
លោក ស៊ី ជីងភីង បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គឺដើម្បីប្រជាជន ហើយក៏ត្រូវពឹងផ្អែកលើប្រជាជនផងដែរ។ យើងចាំបាច់ត្រូវតែតម្កល់ទុកសុវត្ថិភាពអាយុជីវិត និងសុខភាពខ្លួនប្រាណរបស់ប្រជាជនជាអាទិភាព ចាត់វិធានការវិសាមញ្ញ ដើម្បីឆ្លើយតប់នឹងរឿងអធម្មតា ដោយទំនួលខុសត្រូវ និងសេចក្តីអង់អាចក្លាហានខាងនយោបាយដ៏ធំសម្បើម ដើម្បីគោរពយ៉ាងប្រាកដប្រជា នូវតម្លៃនិងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នា។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ការរីករាលដាលនៃជំងឺ COVID-19 លើកនេះបានស្តែងឱ្យឃើញម្តងទៀតថា មនុស្សជាតិទាំងមូលរួមវាសនាតែមួយ ដូច្នេះត្រូវប្រកាន់ខ្ជាប់ នូវគំនិតសហគមន៍សុខភាពរបស់មនុស្សជាតិ រួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការគ្នា ដើម្បីជម្នះលើរាល់ការលំបាក ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាត នូវរាល់ការប៉ុនប៉ងបំប្លែង ឱ្យទៅជារឿងនយោបាយ ដាក់ស្លាកសញ្ញា និងមួលបង្កាច់អ្នកផ្សេង។
ការធ្វើឧបាយកលនយោបាយ នឹងមិនអំណោយផលដល់ប្រទេសខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ទាល់តែសោះ មានតែនឹងនាំឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងបង្កគ្រោះថ្នាក់បន្ថែមទៀត ដល់ប្រជាជននៃប្រទេសនានានៅលើពិភពលោកប៉ុណ្ណោះ។
លោក ស៊ី ជីនភីង បានធ្វើបទបង្ហាញពីសភាពការណ៍ នៃសកម្មភាពមនុស្សធម៌ជាសកលរបស់ចិន ដោយចង្អុលបង្ហាញថា ក្នុងបរិបទដែលផលិតភាពមានកម្រិត និងតម្រូវការក្នុងស្រុកក៏ធំសម្បើមដែរ ចិនបានអនុវត្តតាមពាក្យសន្យា ដោយបានផ្តល់ជំនួយវ៉ាក់សាំងដល់ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួនជាង៨០ ដែលមានត្រូវការបន្ទាន់ ហើយបាននាំចេញវ៉ាក់សាំង ទៅកាន់ប្រទេសចំនួន៤៣ទៀត។
ប្រទេសចិនបានផ្តល់ជំនួយទឹកប្រាក់ក្នុងតម្លៃ ២ពាន់លានដុល្លារ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ផ្តល់ជំនួយសម្ភារៈប្រឆាំងនឹង ជំងឺកូវីដ១៩ដល់ប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន១៣ ក៏ដូចជាផ្តល់ម៉ាសជាង ២៨០ពាន់លាន សម្លៀកបំពាក់ការពារជាង៣.៤ពាន់លាន និងឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ជាង៤ពាន់លាន ទៅកាន់ទូទាំងពិភពលោក។
ប្រទេសចិននិងអាហ្វ្រិកបាន បង្កើតយន្តការកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យចិននិងអាហ្វ្រិកចំនួនដល់ទៅ ៤១ ។
ឃ្លាំងនិងមជ្ឈមណ្ឌលចាត់ចែងបន្ទាន់មនុស្សធម៌ពិភពលោក ដែលសហការបង្កើតនៅប្រទេសចិន ដោយចិននិងអង្គការសហប្រជាជាតិ ក៏បានទទួលការរិវឌ្ឍយ៉ាងសំខាន់ផងដែរ។ ប្រទេសចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយនូ វ«គំនិតផ្តួចផ្តើមរបស់ប្រទេស G20 ស្តីពីការផ្អាកសងបំណុល សម្រាប់បណ្តាប្រទេសក្រីក្របំផុត» ដែលមានបរិមាណសរុបជាង ១.៣ពាន់លានដុល្លារអាមេរិក ដែលជាប្រទេសផ្អាកសងបំណុលច្រើនបំផុត ក្នុងចំណោមរដ្ឋសមាជិក G20។
លោក ស៊ី ជីនភីង បានប្រកាសថា ចិននឹងបន្តគាំទ្រវិធានការថ្មី សម្រាប់ការរួមសាមគ្គីគ្នាប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរបស់ពិភពលោកទាំងមូល៖
* ទីមួយ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ប្រទេសចិននឹងផ្តល់បន្ថែមនូវប្រាក់ឧបត្ថម្ភអន្តរជាតិ ចំនួន៣,០០០លានដុល្លារអាមេរិកទៀត ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងស្តារសេដ្ឋកិច្ចនិងសង្គមកិច្ចឡើងវិញ។
* ទីពីរ ប្រទេសចិនបានផ្តល់វ៉ាកសាំងការពារជំងឺកូវីដ១៩ ចំនួន៣០០លានដូស ដល់ទូទាំងពិភពលោករួចជាស្រេច ហើយចិននឹងបន្តផ្តល់វ៉ាក់សាំងចំនួនកាន់តែច្រើន ដល់អន្តរជាតិដោយតាមលទ្ធភាពរបស់ខ្លួន។
* ទីបី ប្រទេសចិនគាំទ្រសហគ្រាសផលិតវ៉ាក់សាំងរបស់ចិន ផ្ទេរបច្ចេកទេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសហការក្នុងការផលិត។
* ទីបួន ប្រទេសចិនបានប្រកាសគាំទ្រ ការលើកលែងកម្មសិទ្ធិបញ្ញា នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយចិនក៏គាំទ្រអង្គការអន្តរជាតិ ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម ធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធឱ្យបានឆាប់។
* ទីប្រាំ ប្រទេសចិនផ្តួចផ្តើមឱ្យបង្កើតវេទិការអន្តរជាតិ អំពីកិច្ចសហប្រតិបត្តិការខាងវ៉ាក់សាំង ដើម្បីផ្តល់ឱកាសជុំគ្នាមួយ ដល់បណ្តាប្រទេស សហគ្រាស និងភាគីពាក់ព័ន្ធផលប្រយោជន៍ផ្ទាល់ នៃការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ដើម្បីពិភាក្សាពីការចែកចាយវ៉ាក់សាំង ដោយសមហេតុផលនិងសមធម៌៕