(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Draghi នាយករដ្ឋមន្រ្តីអ៊ីតាលីនិងជាប្រធានផ្លាស់វេននៃប្រទេស G20 និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពសកល និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវិដេអូ នៅក្រុងប៉េកាំងនៅថ្ងៃទី២១ ខែឧសភា។
តាំងពីផ្ទុះការរីករាលដាលនៃជំងឺ COVID-19 មក ប្រទេសចិនបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាសកល និងបានលើកឡើងគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម «សន្និសីទតាមវីដេអូ» ជាច្រើនដង ជាមួយនិងការអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងជំរុញកិច្ចកសាងសហគមន៍សុខភាពរបស់មនុស្សជាតិ។
* បច្ចុប្បន្ននេះ អ្វីដែលសហគមន៍អន្តរជាតិត្រូវការបំផុត គឺការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 រួមគ្នាយកឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង —— ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
* យើងត្រូវប្រកាន់ខ្ជាប់នូវគំនិតតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាអាទិភាព ចាត់ចែងកម្លាំងវេជ្ជសាស្រ្ត និងសម្ភារៈសំខាន់ៗតាមបែបវិទ្យាសាស្ត្រ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅលើពិភពលោក និងការរីករាលដាលឆ្លងព្រំដែន ឱ្យបានឆាប់បំផុត —— ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
* ប្រទេសចិនរីករាយក្នុងការចែករំលែក បទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងបច្ចេកទេសវេជ្ជសាស្រ្តជាមួយប្រទេសនានា និងអនុវត្តតាមពាក្យនូវកិច្ចសន្យា ដែលចាត់ទុកវ៉ាក់សាំងចិន ជាផលិតផលសាធារណៈ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការបង្កើនសមត្ថភាពទប់ទល់នឹង ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ដើម្បីជំរុញកិច្ចកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ —— ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
* ប្រទេសចិនគាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីវ៉ាក់សាំងជំងឺ COVID-19 និងបានចូលរួមក្នុង «កម្មវិធីCOVAX» ហើយរីករាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងការស្រាវជ្រាវ ផលិតនិងចែកចាយវ៉ាក់សាំង —— ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
* ប្រទេសចិនរីករាយក្នុងការអនុវត្ត «គម្រោងបណ្តុះបណ្តាលធនធានមនុស្សផ្លូវសូត្រសុខភាពចិន-អាស៊ាន (ឆ្នាំ២០២០-ឆ្នាំ២០២២)» ដើម្បីបណ្តុះបណ្តាលបុគ្គលិករដ្ឋបាលសុខាភិបាល និងអ្នកជំនាញបច្ចេកទេសរបស់អាស៊ានចំនួន១,០០០នាក់ ដើម្បីលើកកម្ពស់កម្រិតសេវាសុខភាពសាធារណៈក្នុងតំបន់ —— ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
* យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការសិក្សាស្រាវជ្រាវ ផលិតនិងចែកចាយវ៉ាក់សាំង លើកកម្ពស់នូវភាពអាចទទួលបាន និងអាចប្រើប្រាស់បាននៃវ៉ាក់សាំង នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើឱ្យប្រជាជនរបស់ប្រទេសនានា អាចប្រើប្រាស់វ៉ាក់សាំងយ៉ាងពិតប្រាកដ —— ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕