(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានទទួលស្គាល់ថា វាមិនមែនជាការងាយស្រួល ក្នុងការធ្វើឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះសម្ព័ន្ធមិត្តអាមេរិកជាមួយកូរ៉េខាងត្បូង បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន (Moon Jae-in)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
លោក បៃដិន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅឯសេតវិមានថា «យើងគ្មានមន្ទិលនោះឡើយ ចំពោះភាពលំបាកមួយនេះ... វាគ្មានអ្វីដែលត្រូវសង្ស័យសោះឡើយ។ រដ្ឋបាល (អាមេរិក) ទាំង ៤ កន្លងមកមិនបានសម្រេចគោលដៅនេះទេ ព្រោះវាជាគោលដៅដែលពិបាកសម្រេចបំផុត និងមិនគួរឱ្យជឿទាល់តែសោះ»។
ដោយការប្រឈមមុខនឹងប្រទេសកូរ៉េខាងជើង និងប្រទេសចិន លោក បៃដិន បានសង្កត់ធ្ងន់លើជំនឿរបស់គាត់ចំពោះសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បានហៅភាពជាដៃគូអាមេរិក-កូរ៉េខាងត្បូងថាជា «ខ្សែការពារសន្តិភាព និងសន្តិសុខ» ហើយបានសន្យាថានឹងមាន «វិធីសាស្រ្តរួមគ្នា» ចំពោះការប្រឈមមុខជាមួយកូរ៉េខាងជើង។
លោក បៃដិន បានគូសបញ្ជាក់ប្រាប់បន្ថែមថា នៅក្នុងកិច្ចពិភាក្សារបស់លោក និងលោក មូន ចេអ៉ីន នៅឯសេតវិមាន គឺអ្នកទាំងពីរបានពិភាក្សាគ្នាអំពី «សេរីភាពនៃការធ្វើនាវាចរណ៍» សម្រាប់ការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រចិនខាងត្បូងក៏ដូចជា «សន្តិភាព និងស្ថិរភាព» នៅជុំវិញកោះតៃវ៉ាន់។ បន្ថែមពីនេះ លោក មូន បានហៅការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េថា «ជាកិច្ចការរួមបន្ទាន់បំផុត»។
គួរបញ្ជាក់ថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត ជាប្រវត្តិសាស្រ្តនៅអាស៊ី និងអឺរ៉ុប បានរងនូវភាពច្របូកច្របល់ ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែក្រោយលោក បៃដិន បានឡើងកាន់តំណែង លោកបានធ្វើការងារយ៉ាងឆាប់រហ័ស ដើម្បីស្តារតុល្យភាពពីមុនមកវិញ ដោយផ្តោតលើបញ្ហាប្រឈមពីប្រទេសចិន។
អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា នៅថ្ងៃសុក្រសប្ដាហ៍នេះថា «វាគួរតែជាការផ្ញើសារយ៉ាងច្បាស់លាស់ អំពីសារៈសំខាន់នៃភាពជាដៃគូ និងសម្ព័ន្ធភាពទាំងនេះ ហើយកិច្ចប្រជុំទ្វេភាគីលើកដំបូង ដែលលោកប្រធានាធិបតីបានធ្វើរួចមកហើយ នោះគឺជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង...»៕