(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិតមធ្យម ៥.០រ៉ិចទ័រ បានវាយប្រហារខេត្ត យូណាន (Yunnan) ភាគនិរតីប្រទេសចិន កាលពីពាក់កណ្តាលយប់ថ្ងៃសុក្រម្សិលមិញនេះ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មនុស្សសរុប ០៣នាក់បានបាត់បង់ជីវិត និង ២៧នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១។
បើតាមអាជ្ញាធរចិន គ្រោះរញ្ជួយដី និងរំញ័រជាបន្តបន្ទាប់ បានកើតមានឡើងនៅតំបន់ យ៉ាងពី យី (Yangbi Yi) និង ដាលី ប៉ៃ (Dali Bai) នៃខេត្តយូណាន ប៉ុន្តែតំបន់ជុំវិញឯទៀតៗ ក៏បានទទួលឥទ្ធិពលពីគ្រោះរញ្ជួយដីនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមសង្គ្រោះបានទៅកន្លែងកើតហេតុ កាលពីពេលទាបភ្លឺថ្ងៃសៅរ៍នេះ ដើម្បីជួយសង្គ្រោះអ្នករងរបួស និងជម្លៀសប្រជាជនផ្សេងទៀត ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ បើតាមអាជ្ញាធរនៃខេត្ត យូណាន ប្រជាជនប្រមាណ ៧២,៣១៧នាក់ ស្ថិតនៅក្នុងលំនៅឋាន ២០,១៩២ខ្នងបានទទួលរងឥទ្ធិពល ពីគ្រោះរញ្ជួយដីលើកនេះ៕