(ហាណូយ)៖ បុគ្គលិករបស់ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Canon ដែលកំពុងតែប្រតិបត្តិការនៅប្រទេសវៀតណាម ចំនួនជាង១០នាក់ ត្រូវបានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលអាចនឹងត្រូវបានរំខាន ត្បិតថាទីតាំងនៃប្រទេសនេះជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei Asia នៅយប់ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ខេត្តដែលរងគ្រោះខ្លាំងជាងគេពីរគឺខេត្ត Bac Giang និង Bac Ninh ដែលជាកន្លែងសួនឧស្សាហកម្មប្រមាណ២០ និងតំបន់ឧស្សាហកម្មជាង២០ផងដែរនោះ កំពុងស្ថិតក្នុងវិធានការ Lockdown នាពេលបច្ចុប្បន្ន។

នៅខេត្ត Bac Ninh បានបញ្ជាក់ពីការរកឃើញករណីឆ្លងនៅឯរោងចក្ររបស់ Samsung, Johnson Health Tech និង Canon ខណៈដែលរោងចក្រចំនួនពីររបស់ Samsung ដែលស្ថិតនៅភាគខាងជើង ប្រទេសវៀតណាម បានកាន់កាប់ជាងពាក់កណ្តាល នៃការផលិតស្មាតហ្វូនទូទាំងពិភពលោករបស់ក្រុមហ៊ុន។

យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១៣២នាក់ទៀតនៅថ្ងៃសុក្រនេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៩៤១នាក់ ក្នុងនោះ ៤១នាក់ស្លាប់៕