(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩ អាចមានចំនួនច្រើនជាងតួលេខផ្លូវការដែលបានចេញផ្សាយដល់ទៅ ៣ដងឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
រហូតមកដល់ពេលនេះ មានមនុស្សប្រមាណជាង ៣.៤លាននាក់ហើយ នៅទូទាំងពិភពលោក ត្រូវបានគេសន្និដ្ឋានជាផ្លូវការថា បានស្លាប់ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺនេះបានផ្ទុះនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ។
ប៉ុន្តែបើយោងតាមរបាយការណ៍ស្ថិតិសុខភាពពិភពលោក នៃអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានមនុស្សជាច្រើនទៀតដែលបានស្លាប់ដោយសារជំងឺនេះ ប៉ុន្តែពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជី។ អ្នកទាំងនោះអាចថាស្លាប់ដោយជំងឺកូវីដ-១៩ ផ្ទាល់ ឬក៏ស្លាប់ដោយសារពួកគេមិនអាចទទួលបានការព្យាបាល ចំពោះជំងឺផ្សេងៗទៀត។
លោក Samira Asma ជំនួយការអគ្គនាយករងទទួលបន្ទុកទិន្នន័យបានប្រាប់អ្នកយកព័ត៌មានថា «ចំនួនអ្នកស្លាប់សរុបគឺយ៉ាងហោចណាស់ច្រើនជាងរបាយការណ៍ផ្លូវការដល់ទៅ ៣ដង»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ របាយការណ៍បានរកឃើញថា មានអ្នកស្លាប់យ៉ាងតិច ៣លាននាក់ដោយសារកូវីដ-១៩ ដោយផ្ទាល់ ឬដោយប្រយោល ខណៈចំនួនមរណភាពផ្លូវការមានត្រឹមតែ ១.៨លាននាក់ប៉ុណ្ណោះនៅដំណាច់ឆ្នាំ៕