(តៃប៉ិ)៖ អាជ្ញាធរសុខាភិបាលតៃវ៉ាន់នៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងសហគមន៍ ចំនួន៣១៥នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,១៣៩ករណី ក្នុងនោះស្លាប់ ១៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុ្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មានតែ១ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

នេះជាថ្ងៃទី៧ ហើយដែលប្រទេសដីកោះមួយនេះបានរាយការណ៍ករណីឆ្លងក្នុងស្រុកលើសពី១០០ករណី ក្នុង១ថ្ងៃ។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះស្ថានការណ៍ឆ្លងរាតត្បាតគួរឲ្យបារម្ភនេះ តៃវ៉ាន់បានបង្កើនការប្រកាសអាសន្នដល់កម្រិតទី៣ នៅទូទាំងដែនកោះ ដោយកន្លែងកម្សាន្ត បណ្ណាល័យ កន្លែងកីឡា និងមជ្ឈមណ្ឌលសហគមន៍ គឺត្រូវបានបិទទ្វារ។ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងវិញ គឺមិនដល់មួយភាគរយឡើយ នៃប្រជាជនសរុបជាង២៣លាននាក់របស់តៃវ៉ាន់ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19៕