(ហុងកុង)៖ រដ្ឋបាលទីក្រុងហុងកុង នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានសម្រេចចិត្តកាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្នុងការផ្អាកប្រតិបត្តិការ ការិយាល័យតំណាងប្រចាំកោះតៃវ៉ាន់ ដោយចោទថា ទីក្រុងតៃប៉ិបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយ និងការគាំទ្រដល់ក្រុមបាតុករហិង្សា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
ភាពតានតឹងរវាងទីក្រុងហុងកុង និងកោះតៃវ៉ាន់បានកើតឡើង ចាប់តាំងបាតុកម្មតវ៉ាផ្ទុះឡើង នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ២០១៩មកម្លេះ និងបន្ទាប់ពីចិនដាក់ចេញច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង ដែលបាននាំឱ្យក្រុមសកម្មជនប្រឆាំងជាច្រើនរត់ ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលហុងកុងបានឱ្យដឹងថា បានផ្អាកប្រតិបត្តិការការិយាល័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវប្បធម៌របស់ខ្លួនប្រចាំ កោះតៃវ៉ាន់ដោយអះអាងថា មិនមានជាប់ពាក់ព័ន្ធនឹង ការផ្ទុះឡើងជាថ្មីនូវករណីឆ្លង COVID-19 នៅកោះតៃវ៉ាន់កាលពីពេលថ្មីនេះនោះទេ។ រហូតមកដល់ថ្ងៃសុក្រនេះ ទើបអ្នកនាំពាក្យរដ្ឋាភិបាលហុងកុងម្នាក់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការសម្រេចចិត្តខាងលើដោយសារតែតៃវ៉ាន់បានលូកលាន់ កិច្ចការផ្ទៃក្នុងទីក្រុងហុងកុង តាមរយៈការគាំទ្រ និងផ្ដល់ជំនួយដល់ក្រុមបាតុករហិង្សា និងអ្នកព្យាយាមបំផ្លាញភាពរុងរឿងរបស់ទីក្រុងហុងកុង ដែលនេះជាទង្វើបង្ករឿង។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល រាល់បុគ្គលិកការិយាល័យតំណាងប្រចាំកោះតៃវ៉ាន់ នឹងត្រូវត្រឡប់មកកាន់ទីក្រុងហុងកុងវិញ រីឯខាងកោះតៃវ៉ាន់មិនទាន់បញ្ចេញប្រតិកម្មអ្វី ឆ្លើយតបទៅនឹងការសម្រេចចិត្តនេះទេ៕