(ឡាហាវ៉ាន់)៖ មនុស្សសរុបជាង ១.១លាននាក់ហើយនៅប្រទេសគុយបា បានទទួលការចាក់យ៉ាងហោចមួយដូស នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយប្រទេសដីកោះមួយនេះផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលគុយបាបានឲ្យដឹងថា តួលេខខាងលើគឺរាប់បញ្ចូលទាំងអ្នកចូលរួមធ្វើតេស្តវ៉ាក់សាំង និងចូលរួមក្នុងការសិក្សាផ្សេងៗ ព្រមទាំងបុគ្គលិកបម្រើការជួរមុខ។ បច្ចុប្បន្នប្រទេសគុយបា បាននិងកំពុងខិតខំអភិវឌ្ឍវ៉ាក់សាំង COVID-19 ចំនួន ០៥ផ្សេងគ្នា រួមមាន ដូចជា សូប៊ែរ៉ាណា ០១ (Soberana 01), សូប៊ែរ៉ាណា ០២ (Soberana 02), អាប់ដាឡា (Abdala), ម៉ាមប៊ីសា (Mambisa) និង សូប៊ែរ៉ាណា ផ្លឹស (Soberana Plus)។
វ៉ាក់សាំង Soberana 02 និង Abdala បានបញ្ចប់ការធ្វើតេស្តដំណាក់កាលទី ៣ កាលពីពេលថ្មីៗនេះ ប៉ុន្តែមិនទាន់ត្រូវបានបញ្ចេញ លទ្ធផលនៃការធ្វើតេស្តនៅឡើយ ហើយវ៉ាក់សាំងទាំងនេះក៏ត្រូវចាប់ផ្តើមប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំផងដែរ ដោយមិនទាន់ទទួលបានការអនុញ្ញាតពីពេញលេញទេ ដ្បិតការប្រកាសអាសន្នផ្នែកសុខភាព ត្រូវបានធ្វើឡើង ចំពោះមុខកំណើននៃករណីឆ្លង COVID-19។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលគុយបាបានធានាថា វ៉ាក់សាំងទាំងពីរ ត្រូវធ្វើតេស្តឃើញថា មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គុយបាបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ១,២៥២នាក់ និងស្លាប់ ០៦នាក់ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១២៩,៣៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៨៤០នាក់។ រដ្ឋាភិបាលគុយបាគ្រោងនឹងប្រើប្រាស់វ៉ាក់សាំង អភិវឌ្ឍក្នុងស្រុកសុទ្ធទាំងនេះ ដើម្បីចាក់ឲ្យប្រជាជនជាង ១១លាននាក់របស់ខ្លួន ដោយពុំពឹងផ្អែកលើយន្តការអន្តរជាតិ COVAX ឬសម្ព័ន្ធមិត្តដូចជា រុស្ស៉ី និងចិននោះឡើយ៕