(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកទល់នឹងពេលនេះនៅតែបន្តអនុវត្តតាមគោលនយោបាយតឹងរ៉ឹងចំពោះចិនបន្សល់ទុកដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលរបស់ចិនទាំងខាងសេដ្ឋកិច្ច និងនយោបាយនៅលើអន្តរជាតិដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថាជាការគំរាមកំហែងដល់សណ្ដាប់ធ្នាប់ពិភពលោក។

នៅក្នុងកិច្ចប្រជុំអាមេរិក-ចិនជាលើកដំបូងក្រោមរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន នៅក្នុងទីក្រុង Anchorage រដ្ឋ Alaska កាលពីខែមីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជាសាធារណៈថារដ្ឋបាលលោក បៃដិនមានការប្ដេជ្ញាចិត្តខ្ពស់ចំពោះការការពារ និងពង្រឹងសណ្ដាប់ធ្នាប់អន្តរជាតិជាមួយការកត់សម្គាល់ថា ការកើនឡើងឥទ្ធិពល និងសកម្មភាពរបស់ចិនក្នុងតំបន់ស៊ីនជាំង, ទីក្រុងហុងកុង និងកោះតៃវ៉ាន់ជាដើម គឺជាការគំរាមកំហែងដល់សណ្ដាប់ធ្នាប់ជាមូលដ្ឋានដែលរក្សាស្ថិរភាព ពិភពលោក។

តែជាការឆ្លើយតប មន្ត្រីការទូតកំពូលចិន លោក Yang Jiechi បាននិយាយថាអ្វីដែលចិន និងសហគមន៍អន្តរជាតិត្រូវដើរតាម និងលើកស្ទួយនោះគឺប្រព័ន្ធអន្តរជាតិគាំទ្រដោយ អង្គការសហប្រជាជាតិ និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំណត់ដោយច្បាប់អន្តរជាតិ ពោលមិនមែនដើរតាមអ្វីដែលប្រទេសមួយក្ដាប់តូចតែតែងហៅថាច្បាប់ជាមូលដ្ឋាន សណ្ដាប់ធ្នាប់អន្តរជាតិនោះទេ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ៨៦ ទល់ ១១សំឡេងជំទាស់លើសេចក្ដីព្រាងច្បាប់មួយដែលមានគោលដៅរារាំងកុំឱ្យចិនវ៉ាដាច់សហរដ្ឋអាមេរិកខាងបចេ្ចវិទ្យា ហើយការអនុម័តសេចក្ដីព្រាងច្បាប់នេះទៀតសោតអាចសបញ្ជាក់បានថាអ្នកដែលខ្លាចចិនពិតប្រាកដគឺសហរដ្ឋអាមេរិក ជាជាងពិភពលោក។

*ចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក?

ក្រោយការស្លាប់របស់មេដឹកកំពូលចិន លោក ម៉ៅ សេទុង ( Mao Zedong) ក្នុងឆ្នាំ១៩៧៦ មេដឹកនាំបន្ទាប់គឺលោក តេង ស៊ាវពីង (Deng Xiaoping) និងលោក ជាំង ហ្សេមីន (Jiang Zemin) បានដាក់ចេញយុទ្ធសាស្ត្រធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏ជោគជ័យ ដែលជាការត្រួសត្រាយផ្លូវឱ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ សេដ្ឋកិច្ចចិនកាន់តែរីកចម្រើនទៅមុខ រីឯភាពក្រីក្រក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង រហូតដល់មានការព្យាករជាបន្តបន្ទាប់ថាបើគ្មានកត្តាណាមួយមកបង្អាក់កំណើននេះ នោះចិនអាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកហើយនឹងអាច វ៉ាដាច់អាមេរិកលើគ្រប់វិស័យនៅក្នុងស.វទី២១នេះ។

បើតាមទិន្នន័យរបស់អង្គការរូបិយប័ណ្ណអន្តរជាតិ (IMF) GDP របស់ប្រជាជនចិនក្នុងម្នាក់មាន ១០,៥៨២.១០ដុល្លារ ក្នុងឆ្នាំ២០២០ តែនេះនៅទាបជាងសហរដ្ឋអាមេរិក៦ដង ដែល GDP របស់ប្រជាជនអាមេរិកក្នុងម្នាក់មាន ៦៣,០៥១.៤០ដុល្លារ។ លោក សៃម៉ុន បាបទីស (Simon Baptist) ជាប្រធានក្រុមអ្នកសេដ្ឋកិច្ចសកលមកពីក្រុមហ៊ុន Economist Intelligence Unit បានព្យាករនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC កាលពីខែមីនាកន្លងទៅថាចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជា មហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោកនៅឆ្នាំ២០៣២ ហើយលោកបន្ថែមថាការព្យាករបែបនេះគឺដោយសារតែការឆ្លងរាតត្បាត COVID-19។

នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោករងគ្រោះ និងធ្លាក់ចុះដោយសារ COVID-19 សេដ្ឋកិច្ចចិនបែរជាស្គាល់កំណើន ២.៣ភាគរយកាលពីឆ្នាំ២០២០ ខណៈសេដ្ឋកិច្ចអាមេរិក ធ្លាក់ចុះអស់ ៣.៥ភាគរយក្នុងរយៈពេលដូចគ្នា។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម (Centre for Economics and Business Research) ឬហៅកាត់ថា (CEBR) មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសក៏ធ្លាប់បានព្យាករកាលពីចុងឆ្នាំ២០២០ ផងដែរថាចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច ពិភពលោកលឿនជាងការព្យាកររបស់លោក បាបទីស ទៅទៀត ពោលគឺនៅឆ្នាំ២០២៨។

CEBR ដោយផ្អែកលើស្ថានការណ៍ COVID-19 បានព្យាករថាសេដ្ឋកិច្ចចិននឹង មានកំណើន ៥.៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ មុននឹងថយមកនៅត្រឹម ៤.៥ភាគរយ ក្នុងមួយឆ្នាំពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ចំណែកឯសេដ្ឋកិច្ចសហរដ្ឋអាមេរិកវិញនឹងមានកំណើន ១.៩ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៤ មុននឹងថយមកនៅត្រឹម១.៦ភាគរយ។

*តើពិភពលោកគួរខ្លាចកើនឡើងឥទ្ធិពលចិនឬ?

ប្រធានាធិបតីចិន លោក ស៊ី ជិនពីងធ្លាប់បានប្រកាសពីសុបិនរបស់ចិន ឬ « China Dream» ដោយចង់ឱ្យចិនក្លាយជាមហាអំណាចពិភពលោក មិនមែនត្រឹមតែជាមហាអំណាច ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ។ តើការកើនឡើងឥទ្ធិពលចិនពិតជាគំរាមកំហែងដល់ពិភពលោកដែរឬទេ? សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមុខជាឆ្លើយយ៉ាងលឿនថា «Yes» ពិតហើយចិនគំរាមកំហែងដល់ពិភពលោក។ នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ពួកគេមើលឃើញថាចិនជាប្រទេសវាតទីនិយម និងចង់ឱ្យពិភពលោកទាំងមូល ត្រឡប់ទៅរកប្រព័ន្ធដឹកនាំបែបផ្ដាច់ការដែលនឹងបំផ្លាញដល់អ្វីដែលហៅថាតម្លៃសេរីភាព និងប្រជាធិបតេយ្យលោកខាងលិច។

ការយល់ឃើញដូច្នេះប្រហែលជាគ្មានអ្វីចម្លែកទេ ព្រោះចិនជាប្រទេសកុម្មុយនិស្ដ ដូច្នេះពួកគេបារម្ភខ្លាចថាបើចិនក្លាយជាមហាអំណាចពិភពលោកមែន នោះពិភពលោកទាំងមូល អាចនឹងក្លាយជារបបកុម្មុយនិស្ដ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួនយល់ថានេះជាការព្រួយបារម្ភ និងខា្លចចិនហួសហេតុពេក ដ្បិតចិនមិនមែនដឹកនាំតាមរបៀបឈ្លានពានដូចហ៊ីត្លែរ ឬដូចអតីតសម័យចក្រពត្តិជប៉ុននោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលចិនក៏ពឹងផ្អែកលើសេដ្ឋកិច្ចពិភពលោកដើម្បីការអភិវឌ្ឍដូចគេឯងដែរ។

មានអ្នកជំនាញតិចតួចណាស់ដែលយល់ថាចិនអាច ឬចង់ប្រែក្លាយពិភពលោកទាំងមូលទៅជាកុម្មុយនិស្ដ ដ្បិតមិនប្រាកដថាប្រទេសទាំងអស់ដើរតាមចិននោះឡើយ ហើយរឹតតែ សំខាន់សហរដ្ឋអាមេរិកនឹងមិនបណ្ដោយឱ្យចិនវ៉ាដាច់ដោយងាយនោះដែរ។ ម្យ៉ាងវិញទៀត ចិនឥលូវមិនមែនដូចកាលពីសម័យម៉ៅ សេទុងនោះទេ។ ចិនជាសមាជិកអង្គការអន្តរជាតិ ពហុភាគីជាច្រើន ក្នុងនោះរួមមានទាំងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយប្រព័ន្ធសេដ្ឋកិច្ចចិនក៏មានលក្ខណៈបើកទូលាយដោយសូម្បីតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏ចាត់ទុកចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ដែរ ខណៈប្រទេសដទៃសុទ្ធតែសម្លឹងឃើញប្រយោជន៍ទីផ្សារ និងសេដ្ឋកិច្ចចិន។ គិតចាប់តាំងពីឆ្នាំ២០១៣មក មានប្រទេសច្រើនជាង១៣០បានចុះហត្ថលេខា និងបង្ហាញពីបំណងចូលរួម ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវដែលនេះធ្វើឱ្យចិនតែងតែចោទសួរថា បើចិនគំរាមកំហែងដល់ពិភពលោក តើប្រទេសទាំងនេះចូលរួមជាមួយចិនធ្វើអ្វី?

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិនបានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ ហើយលោក បៃដិនផ្ទាល់នៅក្នុង សុន្ទរកថាទៅកាន់សភាអាមេរិកជាលើកដំបូងកាលពីខែមេសាកន្លងទៅ បានអះអាងថាលោកនឹងធ្វើគ្រប់យ៉ាងដើម្បីរារាំងមិនឱ្យចិនវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាច ពិភពលោកនៅក្នុងអាណត្តិរបស់លោកជាដាច់ខាត។ នេះទើបជាការបារម្ភពិតប្រាកដ ដ្បិតការប្រជែងរវាងមហាអំណាចដូចជាអាមេរិក និងចិនដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃ បើវាស្ថិតនៅក្រៅការគ្រប់គ្រង ឬផ្ទុះទៅជាសង្រ្គាម នោះពិភពលោកនឹងវិនាសអន្តរាយ៕

ប្រភព៖ Nikkei, CNBC (ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១)