Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឲ្យការចែកចាយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក ទៅកាន់ពិភពលោក ធ្វើឡើងរហ័សជាងនេះបន្តិច (Video inside)

21-05-2021 16:24

(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Mitt Romney នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ធ្វើសកម្មភាពឲ្យរហ័សរហួនជាងនេះបន្តិច ក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ប្រទេស ដែលកំពុងតែត្រូវការជាចាំបាច់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

ក្នុងលិខិតមួយផ្ញើទៅកាន់លោក Blinken លោក Romney ដែលជាសំឡេងមានឥទ្ធិពលមួយរូប របស់បក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិក លើកឡើងថា ខណៈសហរដ្ឋអាមេរិក កំពុងតែនៅបន្តគ្រោង បន្តផ្តោតអាទិភាព ទៅលើការចែកចាយវ៉ាក់សាំង ប្រទេសមួយចំនួនដែលជាគូប្រជែង ដូចជារុស្ស៉ីនិងចិន ជាពិសេសចិនតែម្តង បាននិងកំពុងតែចែកចាយវ៉ាក់សាំងឲ្យទៅ បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក»។

លោក Romney បានទទូចឲ្យលោករដ្ឋមន្រ្តីការបរទេសអាមេរិក បើកកិច្ចពិភាក្សាភ្លាមៗជាមួយប្រទេសនានា ហើយដាក់ចេញយុទ្ធសាស្រ្តសម្រាប់ការចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសទាំងនោះ និងប្រកាសពេលវេលាជាក់លាក់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យប្រទេសនីមួយៗ។ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាលើកដំបូងថា ក្នុងពេលឆាប់ៗ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ចេញវ៉ាក់សាំង COVID-19 ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក ទៅកាន់បណ្តាប្រទេសដទៃទៀតដែលត្រូវការ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ប្រជាជននៅប្រទេសក្រីក្រទទួលបន្ទុកតែ ១៧ភាគរយប៉ុណ្ណោះ នៃចំនួនដូសវ៉ាក់សាំងសរុប ដែលត្រូវបានចាក់នៅទូទាំងពិភពលោក៕