(ប៉េកាំង)៖ អ្នកនាំពាក្យម្នាក់របស់ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់រដ្ឋាភិបាលប៉ាឡេស្ទីន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យ CIDCA លោក ធាន លីន (Tian Lin) បានគូសបញ្ជាក់ថា ដើម្បីជួយដល់រដ្ឋាភិបាល និងប្រជាជនប៉ាឡេស្ទីន ដោះស្រាយនឹងវិបត្តិមនុស្សធម៌បន្ទាន់ និងដើម្បីបង្ហាញស្មារតីមនុស្សធម៌អន្តរជាតិ រដ្ឋាភិបាលចិនបានចាប់ផ្តើមបង្កើតយន្តការឆ្លើយតបមួយ ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាឡេស្ទីន។

លោក Tian Lin បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់រដ្ឋាភិបាលប៉ាឡេស្ទីន ស្របទៅតាមតម្រូវការបន្ទាន់របស់ប៉ាឡេស្ទីន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន និងជួយប៉ាឡេស្ទីនក្នុងការព្យាបាលអ្នកដែលរងរបួសដោយសារជម្លោះ ព្រមទាំងរៀបចំការតាំងទីលំនៅថ្មីជាដើម៕