(ប៉េកាំង)៖ ខណៈមហាសន្និបាតសុខភាពពិភពលោកលើកទី៧៤ ជិតនឹងបើកធ្វើ លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានគំរាមកំហែងនាពេលថ្មីៗកន្លងទៅនេះថា ការបដិសេធមិនឱ្យចិនតៃវ៉ាន់ ចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ «នឹងបង្កផលប៉ះពាល់ដល់គោលដៅសុខាភិបាលជាសកល»។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេស G7 ដែលបានបើកធ្វើនាពេលមុននេះមិនជាយូរប៉ុន្មាន ក៏បានឃោសនាបំប៉ោងពីអ្វីដែលហៅថា គាំទ្រចិនតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកនេះ ក្នុងសេចក្តីថ្លែងការណ៍រួមផងដែរ។ ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ ឆ្នាំនេះអង្គការសុខភាពពិភពលោក បានបដិសេធម្តងទៀត មិនព្រមចេញសេចក្តីអញ្ជើញទៅកាន់អាជ្ញាធរតៃវ៉ាន់។
ក្នុងនាមជាខេត្តមួយរបស់ប្រទេសចិន ប្រសិនបើតៃវ៉ាន់ចង់ចូលរួមសកម្មភាពរបស់អង្គការអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក ជាដើម ចាំបាច់ត្រូវអនុវត្តតាមគោលការណ៍ចិនតែមួយ។ នេះគឺជាគោលការណ៍ជាមូលដ្ឋាន ដែលត្រូវបានបញ្ជាក់ ក្នុងសេចកី្តសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចកី្តសម្រេចចិត្តលេខ២៥.១ នៃមហាសន្និបាតសុខភាពពិភពលោក។
បន្ទាប់ពីបានឡើងកាន់អំណាចមក បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ បានបដិសេធមិនទទួលស្គាល់ «មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី ២ ខែ កញ្ញា» នោះទេ ហើយប៉ុនប៉ងចង់ឱ្យចិនតៃវ៉ាន់ឯករាជ្យ តាមតែទំនើងចិត្ត។ នេះគឺជាដើមហេតុដែលបណ្តាលឱ្យចិនតៃវ៉ាន់ បាត់បង់លក្ខណសម្បត្តិ សម្រាប់ចូលរួមមហាសន្និបាតសុខភាពពិភពលោក។
ទាក់ទងនឹងចំណុចនេះ អ្នកនយោបាយអាមេរិកមួយចំនួន មិនមែនមិនដឹងច្បាស់នោះទេ តែពួកគេមិនចង់បាត់បង់ឱកាសណាមួយ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននោះឡើយ។ ដូចនេះ ពួកគេបានប្រឌិតពាក្យភូតកុហក បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ ដោយបានមួលបង្កាច់ថា ប្រទេសចិនបានរារាំងមិនឱ្យតំបន់តៃវ៉ាន់ ចូលរួមសកម្មភាពរបស់អង្គការសុខភាពពិភពលោកនិង «បង្កផលប៉ះពាល់ដល់សុខុមាលភាពសង្គមរបស់តំបន់តៃវ៉ាន់» ជាដើម។ អ្នកនយោបាយអាមេរិកទាំងនេះប៉ុនប៉ងលាបពណ៌ដែលហៅថា «គុណធម៌» សម្រាប់ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។
តើការពិតវាយ៉ាងណា? អ្វីដែលមជ្ឈដ្ឋានខាងក្រៅបានមើលឃើញគឺ បន្ទាប់ពីបានផ្ទុះជំងឺកូវីដ១៩ រដ្ឋាភិបាលមជ្ឈិមចិនបាននិងកំពុង ធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងធំសម្បើម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រវាងត្រើយទាំងសងខាង។ ឧទាហរណ៍ ដូចជា ចិនដីគោកធ្លាប់អញ្ជើញ អ្នកជំនាញផ្នែកសុខាភិបាលនៃចិនតៃវ៉ាន់ ឱ្យត្រួតពិនិត្យការងារនៅក្រុងវ៉ូហាន ខេត្ត ហ៊ូប៉ី ហើយបានជូនដំណឹងដល់ តំបន់តៃវ៉ាន់អំពីការរីករាលដាល នៃជំងឺឆ្លងសរុបជាង២០០លើក។
ដោយសារបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងរលូន ជាមួយអង្គការសុខភាពពិភពលោក បានជាតំបន់តៃវ៉ាន់អាចទទួលបាន ព័ត៌មានអំពីវ៉ាក់សាំងជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលានិងល្អពេញលេញ ព្រមទាំងបានចូលរួម «កម្មវិធីCOVAX»។ ប្រការនេះ អាចឃើញថា ពាក្យសំដីរបស់អាមេរិកដែលថា «ចិនដីគោករារាំងការបង្ការ និងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងរបស់តៃវ៉ាន់ គឺជាពាក្យសម្តីខុសទំនងសុទ្ធសាធ។
ប្រឈមមុខនឹងការលំបាក ក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងនៅចិនតៃវ៉ាន់ អ្នកនយោបាយអាមេរិកទាំងនោះ ដែលនិយាយតែមាត់ថា នឹងផ្តល់ការគាំទ្រដល់តំបន់តៃវ៉ាន់ មិនបានផ្តល់ជំនួយជាក់ស្តែងដល់ តៃវ៉ាន់ទោះតាមទម្រង់ណាក៏ដោយ។ មន្ត្រីតំបន់តៃវ៉ាន់បានថែ្លងកាលពីថ្ងៃទី១៩ ខែឧសភាថា រហូតដល់បច្ចុប្បន្ន អាមេរិកមិនបានលក់វ៉ាក់សាំងណា សូម្បីតែមួយដូសទៅឱ្យតំបន់តៃវ៉ាន់នោះទេ។
ក៏ដូចគ្នានឹងឆ្នាំមុនៗដែរ ការលេងកលល្បិចនយោបាយរបស់ប្រទេសមួយចំនួនតូច ដែលក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិកជាដើម ដែលប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ពិតជានឹងទទួលបរាជ័យម្តងទៀតជាមិនខាន៕