(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងការកសាង ឡើងវិញសម្រាប់តំបន់ហ្គាហ្សា (Gaza) ខណៈលោកបានសម្ដែងការសាទរចំពោះកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការបាញ់គ្នារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងរយៈពេល ១១ថ្ងៃដែលបានសាកល្បងជំនាញចរចាររបស់លោក និងបានធ្វើឱ្យលោករងការរិះគន់ពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យផ្សេងទៀត។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១។
លោក Biden បានបង្ហាញខ្លួនរយៈពេលខ្លីនៅឯសេតវិមាន បន្ទាប់ពីមានព័ត៌មានអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក៏បានសន្យាថានឹងបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីល (Iron Dome) របស់អ៉ីស្រាអែលឱ្យបានដូចដើមផងដែរ បើទោះបីជាមានការតវ៉ាពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យអំពីគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិក ដល់អ៉ីស្រាអែលក៏ដោយ។
លោក Biden បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើការតាមរយៈអង្គការសហប្រជាជាតិ (UN) និងអ្នកពាក់ព័ន្ធអន្តរជាតិដទៃទៀត «ដើម្បីផ្តល់ជំនួយមនុស្សធម៌ យ៉ាងឆាប់រហ័ស និងដើម្បីគាំទ្រជាអន្តរជាតិសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា និងសម្រាប់កិច្ចប្រឹងប្រែងកសាងឡើងវិញនៅតំបន់ហ្គាហ្សា»។ លោកបន្ថែមថា «យើងនឹងធ្វើកិច្ចសហប្រតិបត្តិការនេះជាមួយភាពជាដៃគូពេញលេញជាមួយអាជ្ញាធរប៉ាឡេស្ទីន មិនមែនក្រុមហាម៉ាស់ទេក្នុងលក្ខណៈមួយដែលមិនអនុញ្ញាតឱ្យ ក្រុមហាម៉ាស់ស្តុកឡើងវិញនូវឃ្លាំងអាវុធយោធារបស់ខ្លួនឡើយ»។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នឹងធ្វើដំណើរទៅកាន់តំបន់នោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដើម្បីជួបជាមួយសមភាគីអ៉ីស្រាអែល និងប៉ាឡេស្ទីនដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ស្ដារឡើងវិញ និង «ធ្វើការរួមគ្នាដើម្បីកសាងអនាគតល្អប្រសើរសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា បានកើតឡើងបន្ទាប់ពីមានសកម្មភាពការទូតខ្លាំងក្លាជាច្រើនថ្ងៃដែលបានផ្តល់នូវការសាកល្បងសមត្ថភាពរបស់លោក បៃដិន និងជំនួយការសន្តិសុខជាតិកំពូលរបស់លោក ដើម្បីជួយដោះស្រាយជម្លោះដែលអាចឈានដល់ការធ្វើសង្គ្រាមដែលអូសបន្ថាយវែងឆ្ងាយ៕