(ប៉េកាំង)៖ បន្ទាប់ពីបានធ្វើដំណើរនៅលើអវកាសអស់រយៈពេល ២៩៦ថ្ងៃ នៅវេលាម៉ោង៧ និង១៨នាទី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រថយន្តភពព្រះអង្គារឈ្មោះ «Zhurong» ដែលត្រូវបានផ្ទុកដោយយានអាវកាសរុករកភពព្រះអង្គារឈ្មោះ«TianWen-1» បានចុះចតលើតំបន់ដែលកំណត់ជាមុន នៅភាគខាងត្បូងវាលរាប Utopia នៃភពព្រះអង្គារដែលសម្រេចបាននូវការវាយទម្លុះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តអវកាសរបស់ចិន ពោលគឺយានអវកាស «TianWen-1» បានក្លាយជាផ្កាយរណបហោះជុំវិញនៃភពព្រះអង្គារដំបូងបង្អស់របស់ចិន។
ចំណែករថយន្តឈ្មោះ «Zhurong» បានក្លាយជាយានល្បាតលើភពព្រះអង្គារទីមួយរបស់ចិន។ ប្រទេសចិនបានក្លាយជាប្រទេសទី២ ដែលបានចុះចតលើ ភពព្រះអង្គារដោយជោគជ័យយ៉ាងពិតប្រាកដបន្ទាប់ពីសហរដ្ឋអាមេរិក ជាពិសេស ការរុករកភពព្រះអង្គារលើកដំបូងរបស់ចិនក៏បានសម្រេចនូវភារកិច្ច៣ ក្នុងពេលតែមួយ ពោលគឺការហោះហើរជុំរិញ ការចុះចតនិងការយាមល្បាតដែលបានបំបែកកំណត់ត្រាលើកដំបូងនៅលើពិភពលោក។
បើនិយាយឱ្យបានលម្អិតពោលគឺ ការអនុវត្តភារកិច្ចរុករកភពព្រះអង្គារលើកនេះ គឺត្រូវបង្កើតឡើងដោយយានអវកាសហោះហើរជុំវិញ យានអវកាសចុះចត និងយានល្បាតដែលត្រូវសិក្សាស្រាវជ្រាវ និងផលិតដោយរដ្ឋបាលជាតិអវកាសចិន។ ក្នុងចំណោមយានអវកាសទាំង៣លើកនេះ យានអវកាសហោះហើរជុំវិញ ភពព្រះអង្គារទទួលខុសត្រូវក្នុងការប្រមូលទិន្ន័យរបស់ភពព្រះអង្គារ ព្រមទាំងផ្តល់សេវាកម្មបញ្ជូនទិន្នន័យពីភពព្រះអង្គារមកផែនដីវិញសម្រាប់យានល្បាត យានអវកាសចុះចតបានទទួលខុសត្រូវក្នុងការការពារយានល្បាតនេះឱ្យចុះចតលើភពព្រះអង្គារដោយមានសុវត្ថិភាព។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ចំណែកយានល្បាតគឺជាឧបករណ៍សំខាន់បំផុតក្នុងភារកិច្ចលើកនេះដែលបានទទួលខុសត្រូវក្នុងការសិក្សាស្រាវជ្រាវផែ្នកវិទ្យាសាស្ត្រ លើភពព្រះអង្គារ ដូចជាសមាសភាពផ្ទៃដី ការរាយប៉ាយនៃប្រភេទសម្ភារៈរចនាសម្ព័ន្ធភូគព្ភសាស្ត្រនិងបរិស្ថានឧត្តុនិយមលើភពព្រះអង្គារជាដើម។
ទាក់ទិននឹងរឿងនេះ អ្នកប្រើអ៊ីនធឺណែតបានសួរថាហេតុអ្វីបានជាភារកិច្ចរុករកភពព្រះអង្គារលើកនេះត្រូវបានដាក់ឈ្មោះថា «TianWen-1» ហើយរថយន្ត ភពព្រះអង្គារត្រូវបានដាក់ឈ្មោះថា «Zhurong» តើមានន័យអ្វី? តាមពិតទៅ «TianWen» មានប្រភពចេញពីកំណាព្យវែងមួយឈ្មោះ «TianWen» ដែលបាន និពន្ធដោយលោកឈូយាន់ ជាកវីដ៏មានឈ្មោះល្បីល្បាញមួយរូបក្នុងសម័យនគរមានសង្រ្គាមនៃប្រទេសចិនកាលពីជាង២២០០ឆ្នាំមុន។ ក្នុងកំណាព្យនេះ លោកឈូយាន់បានសួរសំណួរជាង១៧០ ទៅកាន់អវកាសដែលបានឆ្លុះបញ្ចាំងពីការមិនយល់និងការងឿងឆ្ងល់របស់មនុស្សបុរាណចំពោះចក្រវាល នេះគឺជាការចាប់ផ្តើមនៃការស្វែងយល់ពីចក្រវាលរបស់មនុស្សជាតិ។
រឿងនេះក៏បានបង្ហាញដែរថាបុព្វបុរសរបស់ពួកយើងចាប់ផ្តើមស្វែងយល់ពីចក្រវាលតាំងពីយូរយារណាស់មកហើយ។ ដោយឡែក «Zhurong» ក៏ដូចគ្នានឹង «TianWen» ដែរសុទ្ធតែប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន។ «Zhurong» គឺជាទេវតាភ្លើងក្នុងរឿងទេវកថាបុរណចិនដែលបានបង្រៀនមនុស្ស បុរាណឱ្យចេះប្រើភ្លើង។ ដូច្នេះ ការប្រើប្រាស់ភ្លើងក៏បានជំរុញដល់ការអភិវឌ្ឍរបស់អរិយធម៌មនុស្សជាតិផងដែរ។
ពី «Shen zhou » ដល់ «Chang e» និង Yutu» រហូតដល់ «Tiangong» និង «TianWen» ប្រជាជនចិនបានសម្តែងពីការចង់ស្វែងយល់ទីអវកាស និងចក្រវាល ដែលមិនស្គាល់តាមរយៈឈ្មោះដ៏ល្អបវរទាំងនេះ អវកាសចិនបាននិងកំពុងប្រែរឿងទេវកថាឱ្យទៅជាការពិតជាបណ្តើរ។ នាពេលថ្មីៗកន្លងទៅនេះ នៅពេលមើល សារក្នុងគេហទំព័ររបស់អ្នកប្រើអ៊ីនធឺណែត ខ្ញុំបានរកឃើញសំណួរមួយចំនួនដែលមានភាពតំណាងណាស់។ ដូច្នេះ ខ្ញុំបានបូកសរុប៣ចំណុចគឺហេតុអ្វីបានជានឹង ទៅរុករកភពព្រះអង្គារ? តើរថយន្តភពព្រះអង្គារ «Zhurong» ទទួលបានថាមពលតាមរបៀបណា? តើវាទាក់ទងជាមួយភពផែនដីតាមរបៀបណា? ហេតុនេះ ហើយបានជាខ្ញុំបានស្វែងរកព័ត៌មានពាក់ព័ន្ធតាមបណ្តាញអ៊ីនធឺណែតដើម្បីចែករំលែកជាមួយមិត្តទាំងអស់គ្នា។
ទីមួយ៖ ហេតុអ្វីបានជានឹងទៅរុករកភពព្រះអង្គារ? ភពព្រះអង្គារជាភពផ្កាយនៅជិតផែនដីដែលមានសមាសភាពនិងរចនាសម្ព័ន្ធជាមូលដ្ឋានស្រដៀងគ្នា
នឹងផែនដី។ នៅលើភពព្រះអង្គារមានខ្យល់អាកាស ប្រភពទឹកនិងដាននៃសារធាតុសរីរាង្គជាដើម។ និយាយយ៉ាងងាយទៅគឺថានៅលើភពព្រះអង្គារប្រហែលមាន អាយុជីវិត។ ដូច្នេះ ការរុករកភពព្រះអង្គាររបស់មនុស្សជាតិគឺដើម្បីស្វែងរកតម្រុយនៃអាយុជីវិតក្រៅពីផែនដី និងសិក្សាស្រាវជ្រាវពីប្រភពដើមនៃអាយុជីវិត ចំណែកគោលបំណងមួយទៀត គឺរំពឹងទុកថាមនុស្សជាតិអាចចាកចេញពីផែនដី និងផ្លាស់ទីលំនៅទៅភពផ្កាយផ្សេងទៀតនៅពេលអនាគត។
ទីពីរ៖ តើរថយន្តភពព្រះអង្គារ «Zhurong» ទទួលបានថាមពលតាមរបៀបណា? រថយន្តភពព្រះអង្គារ «Zhurong» បានដើរដោយថាមពលពន្លឺព្រះអាទិត្យ។ ពីព្រោះវាប្រើអាគុយដើរដោយពន្លឺព្រះអាទិត្យដែលមានភាពស៊ីសង្វាក់គ្នាជាមួយ spectrum នៃភពព្រះអង្គារនិងបានរចនាម៉ូដខាងការបង្ការធូលីបានជាបាន លើកកម្ពស់យ៉ាងខ្លាំងក្លានូវប្រសិទ្ធភាពនៃការផ្សាយអគ្គិសនី។ ដោយសារភាពខុសគ្នាយ៉ាងខ្លាំងក្លានៃសីតុណ្ហភាពនៅថ្ងៃ និងយប់លើភពព្រះអង្គារ បានជារថយន្តភពព្រះអង្គារ «Zhurong» ដំណើរនៅពេលថ្ងៃ ហើយឈប់សម្រាកនៅពេលយប់។
ទីបី៖ តើរថយន្តភពព្រះអង្គារ «Zhurong» ទាក់ទងជាមួយភពផែនដីតាមរបៀបណា? ចម្ងាយពីផែនដីទៅភពព្រះអង្គារ គឺជាបញ្ហាប្រឈមដ៏ធំធេងមួយសម្រាប់ ការបញ្ជូនព័ត៌មានទាក់ទងគ្នា ហើយសេវាទាក់ទងគ្នានឹងត្រូវកាត់ខ្សោយយ៉ាងឆាប់រហ័សនៅពេលមានចម្ងាយកាន់តែឆ្ងាយទៅៗ។ ដូច្នេះរថយន្តភពព្រះអង្គារ «Zhurong» សម្រេចបាននូវការបញ្ជូនសញ្ញាតាមរយៈយានអវកាសហោះហើរជុំវិញ។ ក្នុងពេលដំណើរការជាប្រក្រតី វាបានស្តុកទិន្នន័យដ៏មានតម្លៃ ហើយការបញ្ជូនព័ត៌មានទូរគមនាគមន៍ពីភពព្រះអង្គារមកផែនដីវិញតាមរយៈយានអវកាសហោះហើរជុំវិញដោយផ្ទាល់។
យោងតាមទិន្នន័យបានបង្ហាញថា ជាច្រើនឆ្នាំកន្លងមកនេះ អត្រាចុះចតដោយជោគជ័យនៅភពព្រះអង្គាររបស់យានអវកាសរុករកភពព្រះអង្គារ គឺមិនដល់៥០ ភាគរយ។ ប្រការដែលមិនអាចបដិសេធ នោះគឺការចុះចតដោយជោគជ័យរបស់រថយន្តភពព្រះអង្គារ «Zhurong» នៅលើភពព្រះអង្គារគឺជាការបង្ហាញដ៏ល្អបំផុត នៃកម្លាំងជាក់ស្តែងផែ្នកអវកាសចិន។ ខ្ញុំនៅតែចងចាំថា ពេលខ្ញុំបានមើលឃើញការផ្សាយដំណឹងរបស់ទីភ្នាក់ងារអវកាសអាមេរិក(NASA) អំពីការចុះចតលើ ភពព្រះអង្គាររបស់រថយន្តភពព្រះអង្គារ «Opportunity» និងរថយន្តភពព្រះអង្គារ «Spirit» នៃអាមេរិកកាលពីឆ្នាំ២០០៤ ធ្វើឲ្យខ្ញុំស្ញប់ស្ញែងយ៉ាងខ្លាំងថា តើនេះគឺជាបច្ចេកវិទ្យាមកពីភពក្រៅអី ! គិតរហូតដល់បច្ចុប្បន្ន ខ្ញុំនៅតែចងចាំយ៉ាងច្បាស់ដដែល ! បច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចសុបិនរបស់ខ្លួនលើវិស័យ អវកាសដែលពិតជាគួរឱ្យរំភើបនិងមានមោទនភាពក្រៃលែង !
ទាក់ទិងនឹងរឿងនេះ មន្ត្រីអវកាស អ្នកជំនាញនិងប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាកោតសរសើរថាការអនុវត្តភារកិច្ចរុករកភពព្រះអង្គាររបស់ប្រទេសចិន លើកនេះជា «ការលោតផ្លោះដ៏សំខាន់» មួយ និង «ទទួលបានសមិទ្ធផលដ៏មហិមា» ។ លោក Thomas Zurbuchen ប្រធានក្រុមប្រឹក្សានៃភារកិច្ចវិទ្យាសាស្ត្ររបស់ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា «មជ្ឈដ្ឋានវិទ្យាសាស្ត្រពិភពលោកទាំងមូលក្នុងនោះក៏បូករួមទាំងខ្ញុំផង បានរំពឹងទុកថា ភារកិច្ចលើកនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការស្វែងយល់ពីភពព្រះអង្គាររបស់មនុស្សជាតិ»។
ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស ប៊ីប៊ីស៊ី បានដកស្រង់ពាក្យសំដីរបស់អ្នកជំនាញថាការចុះចតដោយជោគជ័យនៅលើភពព្រះអង្គារបាននាំមកនូវ ការលើកទឹកចិត្តយ៉ាងខ្លាំងដល់ប្រទេសចិន ក្នុងពេលដំណាលគ្នានេះក៏បានបង្ហាញដែរថា «ប្រទេសចិនអាចរួមចំណែកកាន់តែច្រើនឡើងៗដល់ឃ្លាំងចំណេះដឹង របស់មនុស្សជាតិ»។ ការផ្សាយដំណឹងរបស់កាសែត «ញូវយ៉កថែមស៍» បានធ្វើបទបង្ហាញ និងការវិភាគជាប្រព័ន្ធចំពោះការអនុវត្តភារកិច្ចរុករកភពព្រះអង្គាររបស់ ប្រទេសចិនលើកនេះ។ ក្នុងនោះ វាក៏បានធ្វើបទបង្ហាញពីខ្លឹមសារលម្អិតជាច្រើន ដូចជាភាកិច្ចរុករកព្រះអង្គាររបស់ចិនត្រូវបានដាក់ឈ្មោះថា «TianWen» តាមរយៈ កំណាព្យបុរាណដ៏មានឈ្មោះល្បីល្បាញព្រមទាំងរថយន្តភពព្រះអង្គារទីមួយត្រូវបានដាក់ឈ្មោះថា «Zhurong» តាមរយៈទេវតាភ្លើងក្នុងរឿងទេវកថាបុរណចិន។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់អវកាសដោយសន្តិវិធី អនុវត្តយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនិងចែករំលែកនូវសមិទ្ធិផលនៃការអភិវឌ្ឍអវកាស។ ចក្ខុវិស័យរបស់ប្រទេសចិនគឺស្វែងរកភាពអាថ៌កំបាំង របស់ចក្រវាលដ៏ធំទូលាយ៕