(ស៊ីដនី)៖ យោងតាមនិយតករផ្នែកវេជ្ជសាស្ត្រអូស្ត្រាលីបានឱ្យដឹងថា មានបញ្ហាកំណកគ្រាប់ឈាមចំនួន ០៦ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអូស្រ្តាលី ដែលមានជាប់ទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលអូស្ត្រាលី (TGA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា មានមនុស្សក្នុងវ័យ ៨០ឆ្នាំម្នាក់ និងពីរនាក់ក្នុងវ័យ ៧០និង ៥០ឆ្នាំ និងម្នាក់ទៀតមានអាយុ ១៨ឆ្នាំ បានវិវត្តទៅជាមានបញ្ហាជំងឺស្ទះសរសៃឈាម បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង AstraZeneca-Oxford រួច។
ប្រការនេះវាបានធ្វើឲ្យចំនួនបញ្ហាកំណកឈាម ដែលមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសអូស្ត្រាលីកើនដល់ ២៤ករណីហើយ។
TGA បាននិយាយនៅក្នុងរបាយការណ៍ស្តីពីវ៉ាក់សាំងថា «រហូតមកដល់ពេលនេះ ថ្នាំវ៉ាក់សាំង AstraZeneca ប្រមាណ ២.១លានដូសហើយ ត្រូវបានចែកចាយនៅទូទាំងប្រទេស»។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៣.៣៧លានដូសហើយ ត្រូវបានចាក់ជូនប្រជាជនអូស្ត្រាលីនៅទូទាំងប្រទេស៕