(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៦ ខែ ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពនៅតំបន់ហ្គាហ្សា និងតំបន់ West Bank ចំពេលមានជម្លោះជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Australian នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីមានអំពើហិង្សាកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី១០ ឧសភាមក មូលនិធិជួយសង្គ្រោះជារឿងចំាបាច់ដើម្បី ឆ្លើយតបជាបន្ទាន់ចំពោះវិបត្តិសុខភាព ក្នុងរយៈពេល ៦ខែបន្ទាប់។
គួរបញ្ជាក់ថា ការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានឈានចូលដល់សប្តាហ៍ទី២ ហើយ ខណៈដែលជនជាតិប៉ាឡេស្ទីន ២២៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯខាងភាគីអ៉ីស្រាអែលមានមនុស្សស្លាប់១២នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់៕