(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាស ពីគោលការណ៍ពន្យារពេល ០៣ខែ នៃការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់បុគ្គលដែលស្ថិតក្រោមកាលៈទេសៈជាក់លាក់ចំនួន ០៤ ក្នុងនោះរួមមានទាំងអ្នកដែលជាសះស្បើយពីជំងឺនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា បុគ្គលណាដែលលទ្ធផលធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 គួរតែពន្យារពេល ទទួលការចាក់វ៉ាក់សាំង ០៣ខែ ក្រោយជាសះស្បើយវិញ។ អ្នកជំងឺ COVID-19 ដែលត្រូវបានចាក់បញ្ចូលអង្គបដិប្រាណ ឬប្លាស្មាឈាម កំលុងការព្យាបាល ក៏គួរតែពន្យារពេលចាក់វ៉ាក់សាំងរយៈពេល ០៣ខែដែរ ក្រោយចេញពីមន្ទីរពេទ្យ។ កន្លងមក ឥណ្ឌាដាក់គោលការណ៍ ឲ្យពន្យារពេលចាក់វ៉ាក់សាំងតែចន្លោះ ៤-៨សប្តាហ៍ប៉ុណ្ណោះ។
ចំណែកឯកាលៈទេសៈពីរទៀត គឺអ្នកដែលចាក់វ៉ាក់សាំងបានមួយដួស ហើយក៏ឆ្លង COVID-19 មុនពេលចាក់ដូសទីពីរ ព្រមទាំងករណី អ្នកដែលជំងឺទូទៅធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬស្ថិតក្រោមការថែទាំ និងសង្គោះបន្ទាន់ក៏គួររង់ចាំ ០៣ខែ មុនពេលទទួលការចាក់វ៉ាក់សាំងដែរ។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសឥណ្ឌា បានឈានដល់ដំណាក់កាលទីបី កាលពីថ្ងៃទី០១ ខែឧសភា ដោយពលរដ្ឋឥណ្ឌាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំងបាន ប៉ុន្តែកំពុងប្រឈមនឹងបញ្ហាខ្វះវ៉ាក់សាំងខ្លាំង៕