(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានឱ្យដឹងថា កុមារនៅក្នុងសហរដ្ឋអាមេរិក ទំនងជាអាចនឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬក៏ត្រីមាសដំបូងក្នុងឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
សហរដ្ឋអាមេរិកកាលពីដើមខែឧសភាកន្លងទៅនេះ បានត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech លើកុមារមានអាយុ ១២ឆ្នាំ ឬច្រើនជាងនេះបន្តិច។ លោក Anthony Fauci ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចំាបាច់ ក្នុងការចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅក្នុងរយៈពេលមួយឆ្នាំ ឬបន្ទាប់ពីបានចាក់វ៉ាក់សាំងពីរដូស ឬក៏ប្រភេទចាក់តែមួយដូស។
គួរបញ្ជាក់ថា បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក អាល់ប៊ឺត បួឡា (Albert Bourla) អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬពីរដូសអាចនឹងចាំបាច់ត្រូវចាក់វ៉ាក់សាំងបន្ថែមដូសទី ៣ នៅចន្លោះពី ៨-១២ខែ។ លោក Albert Bourla កាលពីខែមេសាកន្លងទៅក៏ធ្លាប់បានលើកឡើងផងដែរពីការចាក់វ៉ាក់សាំងដូសទី ៣ ដើម្បីបង្កើនប្រព័ន្ធភាពសុំានៅក្នុងរយៈពេល ១២ខែ ក្រោយចាក់វ៉ាក់សាំងដូស ០២ដូស៕