(តៃប៉ិ)៖ អាជ្ញាធរសុខាភិបាលតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងសហគមន៍ ចំនួន២៨៦នាក់ទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
ក្នុងរយៈពេល០២សប្តាហ៍ចុងក្រោយនេះ តៃវ៉ាន់បានកត់ត្រាករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន ១,៥៧២នាក់ ក្នុងចំណោមករណីឆ្លងសរុប ដែលកើនដល់២,៨២៥នាក់ (រាប់ទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល)។ ក្នុងថ្ងៃដដែលនេះ តៃវ៉ាន់ក៏បានរាយការណ៍ថា មានអ្នកជំងឺម្នាក់ទៀតទើបតែស្លាប់ផងដែរ នាំឲ្យចំនួនករណីស្លាប់កើនដល់១៥នាក់។
គួរបញ្ជាក់ថា ឆ្លើយតបចំពោះស្ថានការណ៍ឆ្លងរាតត្បាតគួរឲ្យបារម្ភនេះ តៃវ៉ាន់បានបង្កើនការប្រកាសអាសន្នដល់កម្រិតទី៣ នៅទូទាំងដែនកោះ ដោយកន្លែងកម្សាន្ត បណ្ណាល័យ កន្លែងកីឡា និងមជ្ឈមណ្ឌលសហគមន៍ គឺត្រូវបានបិទទ្វារ។ ពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងវិញ គឺមិនដល់មួយភាគរយឡើយ នៃប្រជាជនសរុបជាង២៣លាននាក់របស់តៃវ៉ាន់ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19៕