(វ៉ាស៊ីនតោន)៖ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររវាងចិន និងរុស្ស៊ីបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងការទទួលខុសត្រូវរបស់ប្រទេសទាំង២ ក្នុងការទទួល ខុសត្រូវចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលនឹងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នៃពិភពលោក។ នេះបើតាមក្រុមអ្នកជំនាញដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីនបានចូលរួមក្នុងពិធីសម្ពោធគម្រោងនៃកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ទ្វេភាគីនៃរោងចក្រនុយក្លេអ៊ែរ Tianwan និងរោងចក្រនុយក្លេអ៊ែរ Xudapu តាមរយៈវីដេអូ។ លោក Anton Khlopkov ជានាយកមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ថាមពល និងសន្តិសុខបានគូសបញ្ជាក់ថារុស្ស៊ីគឺជាដៃគូបច្ចេកវិទ្យាដ៏សំខាន់សម្រាប់សម្រាប់ចិនខាងវិស័យនុយក្លេអ៊ែរ ហើយប្រទេសក៏កំពុងដើរតួនាទីយ៉ាងខ្លាំងផងដែរ ក្នុងការជំរុញការអភិវឌ្ឍថាមពលនុយក្លេអ៊ែរដែលនឹងចូលរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសន្សំសំចៃថាមពល ព្រមទាំងថាមពលស្អាតសំដៅ ដោះស្រាយការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខាងលើបានបង្ហាញថាចិន បាន និងកំពុងចាត់វិធានការសកម្មភាពដើម្បីកាត់បន្ថយការពឹងផ្អែកលើធ្យូងថ្ម និងសម្រេចឱ្យបាននូវគោលដៅអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៦០៕