(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Kyodo នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា មន្រ្តីពីររូបនៅស្ថានទូតមីយ៉ាន់ក្នុងទីក្រុងតូក្យូ បានក្លាយជាអ្នកការទូតចុងក្រោយគេ ដែលត្រូវបានយោធាមីយ៉ាន់ម៉ាបញ្ឈប់តួនាទី ក្រោយបង្ហាញគោលជំហរប្រឆាំងនឹងរបបយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា មន្រ្តីពីររូបខាងលើ បានចាកចេញពីស្ថានទូតមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបង្ហោះសារលើបណ្តាញសង្គម Facebook គាំទ្រចលនាបាតុកម្មប្រឆាំងយោធា នៅឯប្រទេសមីយ៉ាន់ម៉ា។ អ្នកទាំងពីរពុំបានលាលែងទេ គឺត្រូវបានគេបញ្ឈប់តួនាទី ខណៈបច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីក្រុងតូក្យូ ដោយពុំបានត្រឡប់ទៅមីយ៉ាន់ម៉ាវិញឡើយ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានរិះគន់លើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ហើយបានអំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ប៉ុន្តែបានរងសម្ពាធបង្ខំឲ្យចាត់វិធានការរឹងមាំជុំវិញវិបត្តិនេះ។ កាលពីខែមីនា ជប៉ុនបានប្រកាសពីការផ្អាកជំនួយថ្មីៗដល់មីយ៉ាន់ម៉ា ជាការឆ្លើយតបចំពោះរដ្ឋប្រហារ ប៉ុន្តែមិនបានដាក់ទណ្ឌកម្មធ្ងន់ៗ ដែលប្រទេសមួយចំនួន បានធ្វើឡើងទៅលើមន្រ្តីជាន់ខ្ពស់ផ្នែកយោធា និងប៉ូលិសមីយ៉ាន់ម៉ានោះទេ៕