(ប៉េកាំង)៖ ចិនបានចោទប្រកាន់សាជាថ្មីថានាវាចម្បាំងអាមេរិកមួយគ្រឿងបានចូលមកដែនទឹករបស់ខ្លួនដោយខុសច្បាប់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលនេះ ជាភាពតានតឹងចុងក្រោយបំផុតរវាងប្រទេសទាំង២ នៅឯតំបន់ជម្លោះដែនទឹកដ៏រសើបមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ យោធាប្រចាំភូមិភាគខាងត្បូងបានឱ្យដឹងថានាវាពិឃាតអាមេរិក USS Curtis Wilbur បានធ្វើដំណើរចូលមកក្នុងដែនទឹកក្បែរទីប្រជុំកោះ Paracel ដោយគ្មានការអនុញ្ញាត ហើយនាវា និងយន្ដហោះចម្បាំងចិនកំពុងតាមឃ្លាំមើលនាវាពិឃាតអាមេរិក យ៉ាងយកចិត្តទុកដាក់។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថាចិនប្រឆាំងជំទាស់ជាដាច់ខាតទៅនឹងសកម្មភាពអាមេរិកដែលជាទង្វើបំពានលើអធិបតេយ្យភាពរបស់ចិន និងបំផ្លាញដល់សន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ ចិនក៏បានចោទប្រកាន់ផងដែរថាសហរដ្ឋអាមេរិកកំពុងគំរាមកំហែងសន្តិភាព និងស្ថិរភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្រោយនាវាពិឃាត USS Curtis Wilbur ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់។ កងនាវាអាមេរិកទី៧ បានឱ្យដឹងថានាវាពិឃាតបំពាក់មីស៊ីល USS Curtis Wilbur បានដឹកនាំការធ្វើនាវាចរជាទម្លាប់នៅច្រកសមុទ្រតៃវ៉ាន់ ហើយអះអាងថានឹងបន្តធ្វើប្រតិបត្តិការហោះហើរ ឬធ្វើនាវាចរទៅកាន់គ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិ អនុញ្ញាត៕