(ប៉េកាំង)៖ “នេះមិនត្រឹមតែជាបញ្ហារបស់ប៉ាឡេស្ទីនប៉ុណ្ណោះទេ គឺជាបញ្ហាសិទ្ធិមនុស្ស ពន្ធដារដែលយើងបានបង់ឱ្យរដ្ឋ បាននិងកំពុងផ្តល់ជំនួយដល់កងទ័ពអ៊ីស្រាអែល”។ នេះជាការស្រែកលាន់មាត់របស់និស្សិតមួយរូប ដែលបានចូលរួមការដង្ហែរក្បួន នៅអាមេរិកនាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់ការគាំទ្រដល់ប៉ាឡេស្ទីន។
អាមេរិកបានដើរតួជា “អ្នកគាំពារសិទ្ធិមនុស្ស” និយាយពីនេះពីនោះ ចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសជាច្រើន នេះម្យ៉ាង ម្យ៉ាងទៀតបែរជាមិនអើពើនឹងសិទ្ធិមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន ដែលបាននិងកំពុងធ្លាក់ចូលក្នុងសង្គ្រាម រហូតដល់ប្រគល់ “កាំបិត” សម្រាប់ការសម្លាប់រង្គាលថែមមួយកម្រិតទៀត។ ទង្វើស្តង់ដារពីររបស់អ្នកនយោបាយអាមេរិក បានលាតត្រដាងពីមុខមាត់លាក់ពុត របស់សិទ្ធិមនុស្សបែបអាមេរិក។
តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីនាថ្ងៃទី១៩ ខែឧសភា បានឱ្យដឹងថា ក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលលើកនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ២១៧នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះបូករួមទាំងកុមារ ៦៣នាក់។ ប្រការដែលគួរឱ្យឈឺចាប់នោះ គឺមជ្ឈមណ្ឌលធ្វើតេស្តរកវីរុសកូវីដ១៩ នៅតំបន់កាហ្សាត្រូវបំផ្លាញក្នុងការវាយប្រហារតាមអាកាស នេះមានន័យថា ប្រជាជនប៉ាឡេស្ទីននឹងរងទុក្ខវេទនាទាំងដោយសារជំងឺកូវីដ១៩ និងសង្គ្រាម ។
ប្រឈមនឹងគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរបែបនេះ តើរដ្ឋាភិបាលអាមេរិកបានធ្វើអ្វីខ្លះ? អាមេរិកមិនត្រឹមតែបានកាន់ជើងអ៊ីស្រាអែល ហើយបានអះអាងថា អ៊ីស្រាអែលមាន “សិទ្ធិការពារខ្លួន” ប៉ុណ្ណោះទេ ថែមទាំងក៏បានរារាំងម្តងហើយម្តងទៀត មិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើសេចកី្តថ្លែងការណ៍រួម ស្តីពីការបញ្ឈប់ការផ្ទុះអាវុធរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលទៀតផង។
ជាងនេះទៅទៀត កាសែត «The Washington Post» បានទម្លាយឱ្យដឹងថា នៅដើមខែនេះ រដ្ឋាភិបាលអាមេរិកបានជូនដំណឹងជាផ្លូវការដល់រដ្ឋសភាថា នឹងលក់អាវុធអាចគ្រប់គ្រងទិសដៅមីស៊ីលក្នុងតម្លៃ ៧៣៥លានដុល្លារអាមេរិកទៅកាន់អ៊ីស្រាអែល។ ប្រការនេះអាចឃើញថា ក្នុងការប៉ះទង្គិចរវាងវប៉ាឡេស្ទីន និងអ៊ីស្រាអែលលើកនេះ អាមេរិកបានឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹងសតិសម្បជញ្ញៈ និងយុតិ្តធម៌របស់មនុស្សជាតិ ហាក់ដូចជាបានយកសាំងមកចាក់លើភ្លើង ដែលបណ្តាលឱ្យនៃស្ថានការណ៍មជ្ឈិមបូព៌ាកាន់តែតានតឹង។
តាមពិតទៅ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងប៉ុនប៉ងបង្កើតអនុត្តរភាពរបស់ខ្លួន អាមេរិកបានប្រព្រឹតិ្តទង្វើអាក្រក់នៅមជ្ឈិមបូព៌ាយូរហើយ។ អាមេរិកបានធ្វើសកម្មភាពយោធានៅប្រទេសជាច្រើន ដូចជាប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីជាដើម ដែលបានបណ្តាលឱ្យប្រជាជនមូស្លឹមរាប់លាននាក់ស្លាប់បាត់បង់ជីវិត ហើយបានបំពានសិទ្ធិមនុស្ស របស់ប្រជាជនមូស្លឹមរាប់សិបលាននាក់ផងដែរ។
អាចនិយាយបានថា សិទ្ធិមនុស្សរបស់ជនជាតិមូស្លឹមនៅទូទាំងពិភពលោក បានក្លាយជាឧបករណ៍របស់អ្នកនយោបាយអាមេរិករួចហើយ។ និយាយត្រង់ទៅ ពួកគេគ្រាន់តែគិតពីការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធឬអត់ មិនគិតពីគោលជំហរត្រឹមត្រូវឬអត់ ហើយបានស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។ “សិទ្ធិមនុស្សបែបអាមេរិក” បានបាត់បង់ទំនុកចិត្តនៅលើពិភពលោករួចជាស្រេចហើយ អ្វីដែលហៅថា “ចង្កៀងបង្ហាញផ្លូវសិទ្ធិមនុស្ស” ក៏នឹងត្រូវពន្លត់ជាសន្សឹមៗ៕